និស្សិតពេទ្យកម្ពុជាសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន "ថ្លែងអំណរគុណសម្តេចតេជោ និងសន្យាបន្ត បោះឆ្នោតជូនគណបក្សប្រជាជន"

ហ្វេសប៊ុក៖ តាមរយៈគេហទំព័រផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និស្សិតពេទ្យកម្ពុជា ដែលកំពុងសិក្សា នៅសាធារណៈរដ្ឋប្រជាមានិតចិនលើមុខជំនាញផ្សេងៗគ្នា បានប្រមូលគ្នាសម្តែងការដឹងគុណ និងភាពសប្បាយរីករាយ បន្ទាប់ពីក្រសួងសុខាភិបាលបានពិនិត្យរួចរាល់ និងឆ្លើយតបតាមសំណើរសុំទទួលស្គាល់ សញ្ញាបត្រវេជ្ជសាស្ត្ររបស់ពួកគេ ពីសាកលវិទ្យាល័យស្របច្បាប់នានានៃនៅក្នុងសាធារណៈប្រជាមានិតចិន។ 

គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី៤ ឧសភា ក្រោមអនុសាសន័ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ទាក់ទិននឹងភាពជាប់គាំង ក្នុងការវាយតម្លៃសញ្ញាបត្ររបស់និស្សិតពេទ្យពីបរទេស ក្រសួងសុខាភិបាលបានសម្រេចទទួលស្គាល់ សញ្ញាបត្រនិស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសរៀតណាម។ 

ក្រោយមកនៅថ្ងៃទី ២៩ ឧសភា ក្រសួងសុខាភិបាល ក៏បានឆ្លើយតបនឹងសំណើររបស់ប្រធានសមាគមន៍និស្សិតខ្មែរនៅសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការទទួលស្គាល់សញ្ញាបត្រវេជ្ជាសាស្ត្រ ពីសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ។ 

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងអំណរគុណរបស់ក្រុមនសិ្សតជូនសម្តេចតេជោ៖

"ក្មួយៗ​ជានិស្សិតអាហារូបករណ៍ចំនួន១០៥រូបដែលកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រ និងជំនួសមុខឱ្យអតីត​និស្សិត​អាហារូបករណ៍​វេជ្ជសាស្រ្តនៅ​សាធារណៈរដ្ឋប្រជាមានិតចិន សូមសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ​ដែលសម្តេចបាន និងកំពុងដឹកនាំកម្ពុជា ពោរពេញទៅដោយកិត្យានុភាព​​​​​ សន្តិភាព និង​ការអភិវឌ្ឍន៍ ទើបក្មួយៗមានឱកាសទទួលបានការសិក្សារៀនសូត្រយ៉ាងល្អ។​​ 

ក្មួយៗពិតជាមានសេចក្ដីរីករាយជាខ្លាំង​ ដែលក្រសួងសុខាភិបាល​បានចេញលិខិតទទួលស្គាល់​សញ្ញាបត្រ ​MBBS និង​​ Clinical of Medicine ឱ្យមានតំលៃស្មើ​សញ្ញាបត្រវេជ្ជបណ្ឌិតទូទៅ​ ព្រមទាំងទទួលស្គាល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់មានតម្លៃស្មើនឹងវេជ្ជបណ្ឌិតឯកទេស (DES) ដូចកម្ពុជាដែរ​តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណៈរដ្ឋប្រជាមានិតចិន​​។ 

​ជាថ្មីម្តងទៀត ក្មួយៗ​សូម​ប្តេជ្ញា​ និង​ សន្យា​ថា​នឹងខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ក្រេប​យក​ចំណេះ​ដឹង​រួមជាមួយបទពិសោធន៍ថ្មីៗ ល្អៗនៅប្រទេសចិនដើម្បី​ត្រឡប់​មក​ចូលរួម​អភិវឌ្ឍ​ន៍​ជាតិ​មាតុភូមិ​ ឱ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ឡើង​បន្ថែម​ទៀត ក្រោមការដឹកនាំដ៏មានគតិបណ្ឌិតរបស់សម្តេចតេជោ​។ ជាមួយគ្នានេះដែរ ក្មួយៗបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន និងបន្តថែរក្សាសន្ថិភាព។

ជា​ចុងក្រោយ​ ក្មួយៗ​គ្មាន​អ្វី​ក្រៅ​ពី​ម្រាម​ដៃ​ដប់​ សូម​លើក​ប្រណំ​បួងសួង​សូម​​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​ឡាយ​លើ​លោក​ ជួយ​តាម​ថែ​រក្សា​សម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង​ ក្រុម​គ្រួសារ​ សូមជួប​តែ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និង​ បដិភាណៈ​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​! សូម​សម្តេចតេជោ​មេត្តា​ទទួល​នូវ​ការ​គោរព​ស្រឡាញ់​ និង​ ដឹង​គុណ​អំពី​ក្មួយៗ​ដោយ​ក្តី​អនុគ្រោះ​!"

adverise with khmeread