ឈ្លោះទាស់ទែងគ្នាចាក់នឹងកាំបិតរបួសធ្ងន់, ម្នាក់ដេកពេទ្យ, ម្នាក់ដេកគុក

​ភ្នំពេញ​ ៖​ មានករណីប្រើអំពើហិង្សាដោយចេតនា​ ឈ្លោះទាស់ទែងវាយប្រតប់គ្នាជនបង្កបានយកកាំបិតចិតបន្លែចាក់ត្រូវជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់​ នៅថ្ងៃទី០២ ខែ មិថុនាឆ្នាំ២០១៨ ម៉ោង ១ និង៣០ នាទីនេះនៅចំណុចមុខផ្ទះលេខ៥៣២ ក្រុម៣ផ្លូវជាតិលេខ៥ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ យស់ បារាំង ភេទ ប្រុស  អាយុ ៤៥ ឆ្នាំមុខរបរ សន្តិសុខក្រុមហ៊ុនដាហ៊ួហេង​។ ចំណែកជនបង្កឈ្មោះ ហេង មនោរម្យ ភេទ​ប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់បាយ ទីលំនៅផ្ទះD៥៧ផ្លូ​វលំ ភូមិត្រពាំងពោធី សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន (គ្មានសារធាតុញៀន)​។​ ជនបង្កធ្វើសកម្មភាពរួចគ្រវែងចោលរកពុំឃើញ។

​ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះបានមកជេរបញ្ចោលើជនបង្កនៅមុខផ្ទះជនបង្ក​ដែលកំពុងតែអង្គុយផឹកស៊ីក៏មានជម្លោះពាក្យសម្តីឈ្លោះទាស់ទែងជេរគ្នាជនរងគ្រោះ ក៏ដើរចូលទៅក្នុងក្រុមហ៊ុនរបស់ខ្លួនធ្វើការនៅជាប់គ្នាយកដែកជ្រុងប៉ុនមេជើងប្រវែង០៥តឹកវាយលើជនបង្កចំក្បាលបណ្តាលឱ្យពក។ 

​ពេលនោះជនបង្កក៏បានយកកូនកាំបិតចិតបន្លែចាក់ជនរងគ្រោះត្រូវមួយកាំបិតចំ​លើឆ្លឹងស្លាបប្រចៀវផ្នែកខាងឆ្វេងដៃ បណ្តាលឱ្យរងរបួសធ្ងន់ដេរចំនួន ០៧ ថ្នេរសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

​ក្នុងករណីខាងលើនេះក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសខណ្ឌ និង​ប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុបានធ្វើការសាកសួរបំភ្លឺជុំវិញកន្លែងកើតហេតុសួរនាំដល់ជនបង្ក បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាក់លើជនរងគ្រោះដូច្នោះមែន​ ​កម្លាំងខណ្ឌប៉ុស្តិ៍បាននាំជនបង្កមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread