អ្នកបើកឡានដឹកដីម្នាក់ ត្រូវបានកាបែនធ្លាក់សង្កត់ពីលើស្លាប់

​កណ្តាល​ ៖​ មានករណីរថយន្តដឹកដីធ្លាក់បែនសង្កត់ស្លាប់បុរសអ្នកបើកបរម្នាក់​ ​នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី នៅចំណុចទួលអណ្ដូង ភូមិកោះកែវក្រោម ឃុំកោះកែវ​ ស្រុកល្វាឯម ខេត្ដកណ្ដាល។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ជ័យ ប៊ុន​ធីម ​ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល មុខរបរបើកបរឡានដឹកដីជាកម្មកររបស់ម្ចាស់ឡានឈ្មោះ ហយ សុខា រស់នៅភូមិឃុំជាមួយគ្នា។

​ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះបានដឹកដីទៅឱ្យឈ្មោះ សាន ស៊ុននី ពេលមកដល់កន្លែងចាក់ដីបានបែនដីចាក់ ហើយ​មិនដឹងឡាននោះមានបញ្ហាអ្វីជនរងគ្រោះ បានចុះយកម៉ាឡេតទៅអង្គុយដោះកន្លែងបែន បណ្ដាលឱ្យធ្លាក់បែនសង្កត់ស្លាប់តែម្នាក់ឯង។ 

​បន្ទាប់មកអ្នកបើកឡានដូចគ្នា បានបើកមកចាក់ដីក្បែរនោះបាន២ជើងក៏មិនដឹងឃើញតែឡានឈប់នៅទីនោះស្មានថាឈ្មោះ ជ័យ ប៊ុនធីម ទៅបត់ជើង ស្រាប់តែបាត់យូរពេកឈ្មោះ ភា មាក់ ជាកម្មករបើកឡានឱ្យឈ្មោះ ហយ សុខា ដែលបានឈប់ឡានចុះមកមើលស្រាប់តែឃើញឈ្មោះ ជ័យ ប៊ុនធីម គៀបស្លាប់ក្នុងបែនឡានឡើងរួចបានរាយការណ៍មក
សមត្ថកិច្ចប៉ុស្ដិ៍។ 

​ភ្លាមៗនោះប៉ូលិសបានមកដល់កន្លែងកើតហេតុជនរងគ្រោះពិតជាស្លាប់ដោយឡានធ្លាក់បែនសង្កត់ស្លាប់ប្រាកដមែន​ ហើយប្រគល់សពដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread