បណ្តែតពោងតាមទឹកទន្លេប៉ងលួចលើទូកមិនបាន ឡើងលើគោកវិញផ្លោះរបងចូលផ្ទះគេ ត្រូវពលរដ្ឋចាប់បានម្នាក់​, រត់រួចម្នាក់

​ភ្នំពេញ ៖ បុរស២នាក់បានឡើងរបងផ្ទះប្រជាពលរដ្ឋក្នុងបំណងលួច តែអ្នកជិតខាងឃើញក៏ស្រែកថាចោរៗ ក៏បានផ្លោះរបងចេញមកក្រៅ ​រត់បានចម្ងាយប្រហែល ១០០ ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋចាប់បាន កាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់ទន្លេ ជិតបន្ទាយកងទ័ពជើងទឹកក្នុងភូមិ៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​។

​សមត្ថកិច្ចនិយាយថា​ ជនសង្ស័យទី១-ឈ្មោះ ទូច ធី​ អាយុ៣៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរធ្វើសំណង់​ ពោះម៉ាយប្រពន្ធរត់ចោល ធ្លាប់ប្រើគ្រឿងញៀនកន្លងមក និងជនសង្ស័យទី២មិនស្គាល់ឈ្មោះនៅឡើយ (គេចខ្លួន)។ 

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញជនសង្ស័យ២នាក់បានបណ្តែតពោងតាមទឹកទន្លេ ក្នុងគោលបំណងចង់លួចទូកដែលមានម៉ាស៊ីន តែដោយម្ចាស់គេដេកនៅលើទូ​ក, ជនសង្ស័យក៏ឡើងលើគោកដើរលួចតាមផ្ទះម្តង​។ 

​ប្រភពបន្តថា​ ក្រុមជនសង្ស័យបានឡើងរបងផ្ទះដែលម្ចាស់មិននៅចូលទៅក្នុង ពេលនោះក៏មានអ្នកជិតខាងឃើញ ស្រែកថាចោរៗ ជនសង្ស័យភ័យពេកក៏បានផ្លោះរបងចេញមកវិញ រត់បានប្រហែល ១០០ ម៉ែត្រ ទើបប្រជាពលរដ្ឋចាប់បានម្នាក់ រត់រួចម្នាក់។ 

​ពេលចាប់បានជនសង្ស័យមានស្នាមមុតចេញឈាម ដោយភាពភ័យខ្លាច ប្រញាប់តោងឡើងរបង ដើម្បីរត់ក៏មុតបន្លាលួស​។ រួចប្រជាពលរដ្ឋបានទាក់ទងហៅសមត្ថកិច្ចឱ្យ
មកយកជនសង្ស័យទៅប៉ុស្តិ៍ រដ្ឋបាលជ្រោយចង្វារដើម្បីសួរនាំបន្ត​៕



adverise with khmeread