សប្បុរជនមួយរូប ចូលរួមចែកទានដល់ពុទ្ធបរិស័ទនិងប្រគេនថវិកាសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តស្រែអំបិល

​កោះកុង​ ៖​ សប្បុរសជនមួយរូបគឺ​ លោក លី សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចុះជួយអភិវឌ្ឍន៍ឃុំស្រែអំបិល បានចែកជូនថវិកាដល់ពុទ្ធបរិស័ទ និងប្រគេនថវិកាមួយចំនួន សម្រាប់ការងារកសាងសមិទ្ធផលនានា​ នៅក្នុងវត្តស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីសប្តាហ៍មុននេះ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម ​និងស្រោចស្រពសុគន្ធវារីប្រគេនព្រះចៅអធិការ វត្តស្រែអំបិល។

​លោក លី សាម៉េត បានថ្លែងថា «ដោយសារមានសេចក្តីស្រលាញ់យ៉ាងខ្លាំង និងស្មោះត្រង់ជានិច្ច មកលើសម្តេច តេជោ ហ៊ុន សែន បានចំណាយថវិកាផ្ទាល់ខ្លួនជាង៤០០លានរៀល ធ្វើការអភិវឌ្ឍន៍ទៅលើវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ នៅក្នុងឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះជាការចូលរួមចំណែកមួយភាគជាមួយរាជ រដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំប្រទេសឈានមកការរីកចំរើនដូចសព្វថ្ងៃនេះ»។ 

​លោក លី សាម៉េត មានប្រសាសន៍ថា ថវិកាជាង៤០០លានរៀលនេះ គឺចូលរួមអភិវឌ្ឍន៍ទៅលើ វិស័យអាណាចក្រ និងពុទ្ធចក្រ រួមមានដូចជា សាងសង់ស្នាក់ការគណៈបក្សប្រជាជនកម្ពុជា នៅក្នុងឃុំស្រែអំបិល, ស្ថាបនាផ្លូវជាង២៥០ម៉ែត្រដោយចាក់គ្រួសក្រហម ឡើងទៅកាន់ព្រះវិហារ នៃ វត្តសាមគ្គីគីរីទ័ពជាង ក្នុងឃុំដងពែង, រៀបការ៉ូឡាជុំវិញព្រះវិហារ នៃវត្តអង្គរភ្នំខ្លុង ឃុំស្រែអំបិល, នាំមកនូវថវិកាចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តមាគ៌ាគីរីស្រែអំបិល និងវត្តសាលាម្នាង, ចាក់ដីគ្រួសក្រហមចំងាយជាង១៥០ម៉ែត្រចូលវត្តមាគ៌ាគីរីស្រែអំបិល, ចាក់ដីបំពេញដើម្បីសាងសង់ប៉ុស្តិ៍រដ្ឋបាលដងពែង, ចាក់ដីគ្រួសក្រហមឆ្លងកាត់ប្រឡាយចូលទៅកាន់សាលាបឋមសិក្សាវាលជើង បង្ករភាពងាយស្រួលដល់សិស្សានុសិស្សដើរទៅរៀន។

​លោកបញ្ជាក់ ថា ក្រៅពីការងារអាណាចក្រ និងពុទ្ធចក្រនេះ លោកបានចូលរួមចែកអំណោយផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួនជាង១ពាន់គ្រួសារ ​និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីសមត្ថកិច្ចមូលដ្ឋាន នៅឃុំស្រែអំបិល​។ 

​ក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័ទក្នុងវត្តស្រែអំបិលនោះ គឺលោក លី ​សាម៉េត បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់គ្នាៗដែលនៅលើសន្លឹកឆ្នោតមានលេខរៀងទី២០​ ដើម្បីបន្តជ្រើសរើសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អាណត្តិទី៦នេះបន្តទៅទៀត។ 

​លោកបន្តទៀតថា ពីព្រោះថា សម្តេចតេជោ គឺបានដឹកនាំប្រទេសពីគ្មានអ្វីសោះ ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ គឺប្រទេសកម្ពុជាមានរីកចម្រើន និងមានសន្តិភាពគ្រប់ទីកន្លែងទាំងអស់។ ដូច្នេះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានអ្វីៗទាំងអស់ ហើយកំណើនសេដ្ឋកិច្ចគឺខ្ពស់ជាលំដាប់៕

adverise with khmeread