ឡានធំ២គ្រឿងព្រលះគ្នារបួសធ្ងន់២នាក់នៅកំពត

​កំពត​ ៖​ ​មានករណីរថយន្តធុនធំ ២ គ្រឿង បុក​គ្នា​លើ​​ផ្លូវជាតិ​លេខ៣ បណ្តាលឱ្យយមនុស្ស២នាក់​រងរបួស​ធ្ងន់ កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១៨នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ៣ វាលរេញ.កំពត ចំណុច​ខាងលិច ផ្លូវ​ចូល​កំពុងផែ​ថ្មី​វិញ​ហួរ ចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុង ភូមិ​គីឡូ១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត។     

​សមត្ថកិច្ចឱ្យដឹងថា មុនពេល​កើតហេតុ រថយន្ត​ដឹកជញ្ជូន ធុនធំ ម៉ាក ហ៊ី​យិន​ដាយ ពណ៌​ស ពាក់​ស្លាក លេខ សៀមរាប 3A-1505 បើកបរ​ក្រោម​មេឃ កំពុង​ធ្លាក់ភ្លៀង ក្នុង​ ទិសដៅ​ពី​លិចទៅ​កើត​។ លុះ​ជិត​ដល់​ចំណុចកើតហេតុ បាន​បើក​បំរុងវ៉ា​ម៉ូតូ មួយគ្រឿង ហើយក៏​រអិលក្បាលរថយន្តជ្រុល​ទៅបុក​ផ្ទប់ជាមួយរថយន្ត​ធុនធំ មួយគ្រឿង​ទៀត ម៉ាក​ហ្វុ​យ​សូ ពណ៌​ស ដែល​ខ្ទាត​ស្លាក​លេខ​ធ្លាក់​បាត់ ក្នុងទិសដៅ​ប​ញ្ច្រាស​គ្នា បណ្តាល​ឱ្យ តៃកុង​និង​ព្រូ​រថយន្ត ពីរ​នាក់ រងរបួស​ធ្ងន់។

​ប៉ូលិស​ស្រុក​ទឹកឈូ បាន​​ឱ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវជា​ឪពុក និង​កូនប្រុស​បង្កើត គឺ ១. ឈ្មោះ​ ស៊ុន ចន្ថា អាយុ ២៣​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​, ២. ឈ្មោះ ឡុង តិច អាយុ​៤៥​ឆ្នាំ​។ គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ដុប ឃុំ​ស្វាយ​រំពា ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​រីឯ​អ្នកបើកបរ​រថយន្ត​ហ៊ី​យិន​ដាយ មិនមានគ្រោះរងគ្រោះទេ ហើយក្រោយ​ហេតុការណ៍​ភ្លាម បាន​ចុះ​រត់​គេចខ្លួនបាត់​៕


 

adverise with khmeread