បើសង្កេតឃើញសញ្ញាទាំង ៧ នេះ បានន័យថា លោកអ្នកកំពុងបាក់ទឹកចិត្ត សូម្បីខ្លួនឯងក៏លែងគោរពឱ្យតម្លៃ

តើអ្នកស្រណុកចិត្តដែលនៅស្ងាត់ម្នាក់ឯងក្នុងពិធីជប់លៀងដ៏អ៊ូអរមែនទេ? នេះអាចបានន័យថា លោកអ្នកពុំមានជំនឿចិត្តលើខ្លួនឯង ហើយរឹតតែធ្ងន់ធ្ងរទៀតនោះ គឺថា លោកអ្នកអាចនឹងកំពុងបាក់ទឹកចិត្តខ្លាំងមែនទែន សូម្បីខ្លួនឯងក៏លែងហ៊ានឱ្យតម្លៃដែរ។ 

ការលែងឱ្យតម្លៃលើខ្លួនឯងកើតឡើងដោយសារភាពទន់ជ្រាយនៅខាងក្នុងរបស់បុគ្គល ដែលមានលក្ខណៈស្មុគស្មាញខ្លាំង រហូតធ្វើឱ្យលោកអ្នកមានអារម្មណ៍អស់តម្លៃ និង គ្មានប្រយោជន៍គ្រប់រូបភាពនៃជីវិតមួយនេះ។ ប្រសិនបើលោកអ្នកសង្កេតឃើញសញ្ញាព្រមានទាំង ៧ ដូចខាងក្រោម នោះបានន័យថា លោកអ្នកកំពុងបាក់ទឹកចិត្តធ្ងន់ធ្ងរខ្លាំងណាស់ រហូតមិនអាចឱ្យតម្លៃលើខ្លួនឯងតទៅទៀតឡើយ។ 

១. សុខចិត្តចុះចាញ់គេទាំងខ្លួនឯងមិនបានធ្វើខុសសោះ
លោកអ្នកបញ្ចៀសរាល់ជម្លោះទាំងឡាយ មិនហ៊ានតតាំងនឹងគេសូម្បីដឹងថាខ្លួនឯងមិនបានធ្វើខុសអ្វីក៏ដោយ។ ធ្វើបែបនេះ លោកអ្នកនឹងបាត់បង់អស់ឱកាសក្នុងការបង្ហាញអំពីខ្លួនឯង និងកាន់តែឱ្យអ្នកដទៃយល់ច្រឡំមកលើលោកអ្នកថាជាមនុស្សអាក្រក់បែបនោះមែន។ បើខ្លួនជាមាសទឹក១០ ម៉េចក៏មិនព្រមចេញមកជួយការពារវាផង សុខចិត្តឱ្យវាក្លាយជាផេះទៅកើត។

២. សុំទោសគេទាំងមិនចាំបាច់ទាល់តែសោះ
មនុស្សដែលលែងមើលឃើញតម្លៃខ្លួនឯង ជឿថា កំហុសគ្រប់យ៉ាងគឺកើតឡើងដោយសារខ្លួនទាំងអស់ ដូច្នេះឱ្យតែមានអ្វីខុស គឺដឹងតែទៅសុំទោសគេរហូត ទាំងវាមិនមែនជាកំហុសខ្លួនទាល់តែសោះ។ 

៣. ឆាប់បាក់ស្បាត
ការបាក់ស្បាតកើតឡើងដោយសារការមិនឱ្យតម្លៃខ្លួនឯង។ មនុស្សបែបនេះគឺមិនហ៊ានចុះចំណោមក្នុងសង្គម ខ្វះទំនុកចិត្ត និង កម្រសាកល្បងអ្វីដែលថ្មី។ ដើម្បីបំបាត់បញ្ហានេះ គួរដើរលេងកន្លែងថ្មីៗ ឬ ជួបមនុស្សថ្មីៗប្លែកៗ ហើយត្រូវហ៊ានសាកល្បងអ្វីដែលថ្មី។ 

៤. មិនអាចទ្រាំបាននឹងពាក្យរិះគន់
គ្រាន់តែគេរិះគន់ស្ថាបនាសោះ លោកអ្នកហូរទឹកភ្នែក ឬ ឆាប់អន់ចិត្តដែរមែនទេ? នេះជាសញ្ញាច្បាស់ណាស់ ថា លោកអ្នកពុំបានឱ្យតម្លៃលើខ្លួនឯងសូម្បីមួយបៀក។ លើកក្រោយបើគេរិះគន់ ត្រូវរាប់ពី១ដល់១០ ដើម្បីឆ្លើយតបវិញឱ្យសមហេតុផល។ 

៥. ឆាប់ច្រណែននឹងអ្នកដទៃ
ចំពោះស្ត្រី ឱ្យតែឃើញអ្នកដទៃគ្រាន់បើជាងខ្លួនភ្លាម ដឹងតែពីកើតចិត្តច្រណែនទប់មិនជាប់ភ្លែត។ បើបុរសៗវិញ កាងមនុស្សរបស់ខ្លួនមិនឱ្យធ្វើអ្វីតាមទំនើងចិត្តឡើយ ជាពិសេសមិត្តស្រី ឬ ប្រពន្ធ...ឱ្យតែហ៊ានជំទាស់ ដឹងតែកើតហិង្សា។

៦. ពឹងពាក់គេឱ្យជួយសម្រេចចិត្តជំនួសខ្លួន
នៅពេលខ្វះការគោរពខ្លួនឯង លោកអ្នកមិនដែលហ៊ានអារកាត់អ្វីទាំងអស់ ដោយពឹងតែអ្នកដទៃមកជួយសម្រេចចិត្តជំនួសរហូត។ 

៧. ញ៉ាកខ្លាចអន់
នៅពេលលោកអ្នកធ្លាប់បាក់ស្បាតលើរឿងអ្វីមួយហើយ គឺមិនហ៊ានសាកល្បងវាជាលើកទី២ ឡើយ ព្រោះខ្លាចអន់។ ត្រូវលើកតម្លៃខ្លួនឯងឡើងវិញ ព្រោះបើគេអាចធ្វើបាន លោកអ្នកក៏អាចធ្វើបានដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត