សំណាងមែន! ដាច់ខ្សែឆត្រយោង ធ្លាក់ក្នុងព្រៃ ជុងមែកឈើយក្សប៉ុនហ្នឹងហើយ មិនស្លាប់ទៀត

អ្នកជិះឆត្រយោងម្នាក់បានជុងជាប់មែកឈើដ៏ធំមួយ បន្ទាប់ពីធ្លាក់ចូលព្រៃ។ រូបភាពគួរឱ្យស្រៀវឆ្អឹងខ្នងនេះបានបង្ហាញមែកឈើទម្លុះស្មារបស់លោក Ivan Krasouski មកពីបេឡារុស។

គាត់កំពុងហោះហើរនៅជិតភូមិ Loshany ជិតទីក្រុង Minsk នៅពេលដាច់ខ្សែឆត្រយោង ហើយគាត់បានបាត់បង់ការត្រួតត្រា រួចក៏ធ្លាក់ចូលព្រៃ។

មែកឈើស្រួចដ៏ធំមួយបានចាក់ទម្លុះស្មារបស់គាត់ នៅពេលគាត់ធ្លាក់បុកព្រៃឈើ។

របាយការណ៍នានារបស់បេឡារុសនិយាយថា ក្រុមអ្នកជួយសង្គ្រោះបានកាត់មែកឈើចេញពាក់កណ្តាល រួចនាំគាត់មកសង្គ្រោះនៅមន្ទីរពេទ្យ ជាមួយមែកឈើមួយកំណាត់ទៀតជាប់នឹងស្មារបស់គាត់។

គាត់បានថតរូបនៅពេលកំពុងរង់ចាំឱ្យក្រុមគ្រូពេទ្យដកមែកឈើចេញពីស្មា។ ក្រោយមកគ្រូពេទ្យបានយកមែកឈើនោះចេញបានសម្រេច។ 

អ្នកលោតឆត្រយោងរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គាត់បានធ្លាក់បុកដើមស្រល់ ហើយដំបូងគាត់មិនបានដឹងថា គាត់ជុងឈើទេ។

លោក Krasouski និយាយថា "ខ្ញុំគិតថា ខ្ញុំមានអារម្មណ៍ស្រទន់ធម្មតា ដូចជាគ្មានស្អីកើតឡើងទេ។ ខ្ញុំបានក្រោកឡើង ហើយបន្ទាប់មក ស្រាប់តែមានអ្វីមួយទាញខ្ញុំត្រឡប់ថយក្រោយវិញ។ ខ្ញុំមើលចុះឡើង ឃើញមែកឈើដ៏ធំជាប់នៅទីនោះ។ ខ្ញុំបានហែកអាវរបស់ខ្ញុំ ហើយឃើញមែកឈើជាប់ស្មារបស់ខ្ញុំ ធំប៉ុនផ្លែឪឡឹក"។ 

ជុងប៉ុនហ្នឹងហើយគាត់នៅនិយាយលេងសើចថា គាត់មើលទៅដូចតួអង្គគំនូសជីវចលអាមេរិក ឈ្មោះ Groot៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត