ទិញថ្នាំញៀនមកលក់បន្តត្រូវបានប៉ូលិសស្រុកស្អាងវ៉ៃខ្នោះម្នាក់

​កណ្ដាល​ ៖ ប៉ូលិសស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យម្នាក់​ រួមនឹងថ្នាំញៀន៣កញ្ចប់តូចក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)​ នាថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង០០នាទីនៅចំណុចភូមិ ទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ សំរិទ្ធ ចាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល​។ វត្ថុតាងចាប់យករួមមាន​​ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូច​។

​ប៉ូលិសបន្តថា ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកគយ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យឈ្មោះ សំរិទ្ធ ចាវ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូចនៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ដើម្បីសាកសួរ​។

​នៅចំពោះមុខប៉ូលិស ឈ្មោះ សំរិទ្ធ ចាវ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច តម្លៃ ១០០,០០០៛ (ដប់ម៉ឺនរៀល) ពីឈ្មោះ សំណាង ភេទប្រុស អាយុ​១៩ឆ្នាំ នៅចំណុចភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅលក់បន្ត​។ 

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី​៕


 

adverise with khmeread