ប៉ូលិសខេត្តកំពង់ចាមចេញសេចក្តីបំភ្លឺជុំវិញមន្ត្រីប៉ូលិស៣នាក់លង់លក់ក្នុងពិធី

កំពង់ចាម​ ៖ ក្រោយពីមានការរិះគន់លើបណ្តាញសង្គម Facebook អំពីការលង់លក់របស់មន្ត្រី ប៉ូលិសស្រុកស្រីសន្ធរនៃស្នងការដ្ឋានប៉ូលិសខេត្តកំពង់ចាម ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នងការដ្ឋានប៉ូលិសខេត្តបានចេញមុខបំភ្លឺជាសាធារណៈ​។ 

​ខ្លឹមសារបំភ្លឺបានសរសេរថា​  ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ចាម មានកិត្តិយស សូមបំភ្លឺនិងធ្វើការបកស្រាយជូនមតិសាធារណជននិងបណ្តាញសង្គម Facebook ទាំងអស់ឱ្យបានជ្រាបថា មន្រ្តីទាំង៣រូបនេះ ក៏ដូចមន្ត្រីប៉ុស្តិ៍ប៉ូលិសរដ្ឋបាលដទៃទៀតក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពាររហូតដល់ម៉ោង១រំលងអធ្រាត្រហើយដល់ម៉ោង២បានចេញដំណើរទៅចូលរួមកម្មវិធី។ 

​ហេតុនេះហើយបានជាទំរេតខ្លួនបន្តិចមែន តែការទំរេតខ្លួនរបស់គាត់នេះគឺនៅមុនពេលកម្មវិធីចាប់ផ្តើម បានន័យថាគឺពេលរង់ចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្តេច ថ្លែងសន្ទរកថានោះទេ​។ នៅពេលដែលសម្តេចអញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្ត​លង់លក់ក្នុងដំណេកដូចក្នុងរូបភាពបង្ហោះតាមបណ្តាញសង្គម Facebook ឡើយ​។

​សេចក្តីបំភ្លឺបន្តថា ដូចនេះសូមបងប្អូនសាធារណជន និងបណ្តាញសង្គម Facebook ទាំងអស់មេត្តាជួយកែតម្រូវអត្ថបទ ​និងការបរិយាយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសបុគ្គល ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់មន្ត្រីប៉ូលិសជាតិទាំងមូលផងដែរ​។ 

​សេចក្តីបំភ្លឺបន្តទៀតថា« ខ្ញុំសង្ឃឹមនិងជឿជាក់ថា បងប្អូនសាធារណមតិ និង បងប្អូនបណ្តាញសង្គម Facebook ទាំងអស់ពិតជាយល់ និងផ្តល់នូវកិត្តិយសសេចក្តីថ្លៃថ្នូរជូនដល់ពួកគាត់វិញឱ្យបានស័ក្តិសមតាមស្នាដៃដែលគាត់បានលះបង់តស៊ូការពារថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមកនេះ »៕


 

adverise with khmeread