ជិះម៉ូតូបុកផ្ទះគេបណ្តាលឱ្យឆេះរួចរត់ចោលម៉ូតូ, សមត្ថកិច្ចមកដល់រកឃើញ​ស្លាកលេខ២ក្រោមកែប

​ភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូស្កុបពីទៅបុកទ្វារផ្ទះរបស់ប្រជាពលរដ្ឋ បង្កជាអណ្តាតភ្លើងឆាបឆេះម៉ូតូ កាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោយគ្លីនិក អរុណរះ ​ផ្លូវលំ ក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែប៉ូលិសរកឃើញស្លាកលេខម៉ូតូចំនួន២នៅក្រោមកែប​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ម៉ូតូដែលឆាបឆេះ ម៉ាកហុងដាស្កុបពីស៊េរី០១២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GK-9440 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យប្រមាណជាង៣០ឆ្នាំ។

​ប្រភពព័ត៌មានបន្តថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹង បើកបរម៉ូតូខាងលើ តាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ដោយផ្លូវមានទួល ដែលគេដាក់សម្រាប់ឱ្យអ្នកបើកបរ បន្ថយល្បឿន ហើយម៉ូតូខាងលើក៏បានបើកឡើងទួល នោះ រួចក៏រេចង្កូតទៅខាងឆ្វេង បុកទ្វារដែកផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យដួល រងការខូចខាតបែកការបាំងខាងឆ្វេង។ 

​ប្រភពដដែលបន្តថា បន្ទាប់មកក៏ស្រាប់តែម៉ូតូខាងលើ លេចចេញជាអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ នោះចេញមកនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់អស់បីទៅបួនបំពង់ ក៏រន្លត់ជាស្ថាពរ បង្ក​ឱ្យម៉ូតូរងការឆេះរោល អស់ស្ទើរពាក់កណ្តាលផ្នែកខាងក្រោយ​។ ដោយឡែកអ្នកបើកបរ ម៉ូតូបានគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់តែម្តង​។ 

​បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ក៏បានមកដល់ចំណុចកើតហេតុ រួចក៏បានឆែកឆេរម៉ូតូខាងលើ ក៏ប្រទះឃើញស្លាកលេខម៉ូតូចំនួនពីរសន្លឹក ស្លាកលេខទីមួយ មានលេខភ្នំពេញ 1BP-1300 និង ស្លាកលេខទីពីរ មានលេខភ្នំពេញ 1AZ-9509 ដែលស្លាកលេខទាំងពីរសន្លឹកនោះ រកឃើញនៅក្នុងកែបម៉ូតូ ដែលឆាបឆេះខាងលើ​។ 

​ក្រោយពេលកើតហេតុ ម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ដើម្បីរង់ចាំម្ចាស់យកឯកសារពាក់ព័ន្ធ មកយកម៉ូតូត្រឡប់ទៅវិញ នៅពេលក្រោយ​៕

adverise with khmeread