រថយន្តបត់ឆ្លងផ្លូវត្រឡប់ក្រោយមិនប្រុងប្រយ័ត្ន​, ចៃដន្យយុវជន៣នាក់ជិះម៉ូតូបុក ស្លាប់ម្នាក់ របួស២នាក់

​ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈពួកគេជិះម៉ូតូលឿនជ្រុល បុកជាមួយរថយន្តហាយឡែនឌ័រ ដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១ និង៤០នាទី យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាស៧មករា (ខាងកើត​) តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​សមត្ថកិច្ចមូលដ្ឋាននិយាយថា​ ជនរងគ្រោះ ឈ្មោះឈួន វិសាល  អាយុ១៨​ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិធំ ឃុំកំពែង ស្រុកគីវង់ ខេត្តតាកែវ និងមិត្តភក្រ្ត័២នាក់ទៀតរងរបួសធ្ងន់ និងស្រាល​។ ពួកគេធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកអាយខុន ពណ៌ ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ1AW-8036​។ 

​យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូង គេបានឃើញម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច​។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ ធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ត្រឡប់ឆ្វេងដៃ បម្រុងបត់ត្រឡប់ក្រោយវិញ ដោយមិនបានប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗ ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់ស្រាល​។

​ភ្លាមៗនោះរថយន្តបានបើកគេចខ្លួនបាត់ស្រមោល។ ចំណែកអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ​។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាន យកម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំសមត្ថកិច្ចធ្វើការស្រាវជ្រាវ រករថយន្តបង្កឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី​៕ 


 

adverise with khmeread