លើពិភពលោកមានតែអារ៉ាប៊ីសាអូឌីត១គត់ មិនអនុញ្ញាតឱ្យស្ត្រីបើកបរ ប៉ុន្តែឆាប់ៗនេះប្រទេសនេះនឹងដកបម្រាមនេះចេញហើយ

អារ៉ាប់ប៊ីសាអូឌីតបានចេញអាជ្ញាប័ណ្ណបើកបរដំបូងរបស់ខ្លួនដល់ស្រ្តីចំនួន ១០ នាក់កាលពីថ្ងៃចន្ទទី៤មិថុនា ខណៈដែលព្រះរាជាណាចក្រមួយនេះកំពុងត្រៀមខ្លួនលើកលែងការហាមឃាត់តែមួយគត់លើស្ត្រីក្នុងការបើកបរ ក្នុងរយៈពេល៣សប្ដាហ៍ទៀត ប៉ុន្ដែមនុស្សមួយចំនួន ដែលធ្វើយុទ្ធនាការដើម្បីសិទ្ធិក្នុងការបើកបរ នៅកំពុងស្ថិតក្រោមការចាប់ខ្លួននៅឡើយ។

សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលបាននិយាយថា ស្ត្រី ១០ នាក់ដែលគេចេញប័ណ្ណបើកបរឱ្យនេះ គឺមានប័ណ្ណបើកបរពីបណ្តាប្រទេសដទៃទៀតរួចទៅហើយ រួមមាន សហរដ្ឋអាមេរិក កាណាដា លីបង់ និងកាណាដា។ ពួកនាងគ្រាន់តែធ្វើតេស្តបើកបរនិងពិនិត្យភ្នែកប៉ុណ្ណោះ មុនពេលគេចេញប័ណ្ណបើកបរឱ្យ នៅអគ្គនាយកដ្ឋានចរាចរណ៍នៅក្នុងទីក្រុងរីយ៉ាដ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមិនមានវត្តមានសម្រាប់ព្រឹត្តិការណ៍នេះទេ។

ស្ត្រីផ្សេងទៀតនៅទូទាំងប្រទេសបានកំពុងត្រៀមខ្លួនសម្រាប់សិទ្ធិក្នុងការបើកបរនៅថ្ងៃទី ២៤ មិថុនា ដោយចូលរៀនវគ្គហ្វឹកហ្វឺននៅតាមទីតាំងមហាវិទ្យាល័យសម្រាប់តែស្ត្រី។ ស្ត្រីខ្លះទៀតត្រូវបានបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកបើកបរសម្រាប់ក្រុមហ៊ុនដូចជា Uber ទៀតផង។

ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតបានត្អូញត្អែរជាយូរមកហើយថាត្រូវជួលអ្នកបើកបរប្រុសថ្លៃៗ ប្រើប្រាស់តាក់ស៊ី ឬពឹងផ្អែកលើសាច់ញាតិប្រុស ដើម្បីទៅធ្វើការ និង ទៅរកស៊ីផ្លូវឆ្ងាយ។

ចំណាត់ការភ្ញាក់ផ្អើលក្នុងការចេញប័ណ្ណបើកបរជាមុនដល់ស្ត្រីទាំង១០រូបនេះកើតឡើង ខណៈដែលសកម្មជនដែលបានធ្វើយុទ្ធនាការដើម្បីសិទ្ធិក្នុងការបើកបរនៅកំពុងស្ថិតក្រោមការចាប់ខ្លួន ដោយប្រឈមនឹងការកាត់ទោសទៀតផង។

រដ្ឋអាជ្ញាអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១៧ នាក់ត្រូវបានឃុំខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសង្ស័យថាបានព្យាយាមធ្វើឱ្យខូចដល់សន្តិសុខនិងស្ថិរភាព ជាករណីដែលក្រុមសកម្មជននិយាយថា ផ្តោតគោលដៅលើពួកអ្នកធ្វើយុទ្ធនាការដើម្បីសិទ្ធិស្ត្រីលេចធ្លោ៕

adverise with khmeread