​រថយន្តកុងតឺន័រដឹកស្រូវសាលីយកទៅក្រុមហ៊ុនស្រាបៀរ បុករោងបុណ្យ៧ថ្ងៃខ្ទេច

ភ្នំពេញ ៖ រថយន្តកុងតឺន័រ ដឹកស្រូវសាលីយកទៅក្រុមហ៊ុនស្រាបៀរមួយ​ ដោយសារ​តែតៃកុងងងុយពេកងោកមួយភាំង ក៏បានទៅបុករោងបុណ្យ ៧ ថ្ងៃខ្ទេច ប៉ុន្តែសំណាងល្អពុំមានរងគ្រោះដល់អាយុជីវិតណាម្នាក់នោះទេ​។ 

​ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង​១២ និង៤០នាទី អធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ ក្នុងភូមិត្នោតជ្រុំ២ សង្កាត់​បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

​សមត្ថកិច្ចមូលដ្ឋាននិយាយថា​ រថយន្តបង្ក ជាប្រភេទរថយន្តកុងតឺន័រ ពណ៌ក្រហម ខាងក្បាល ពាក់ស្លាកលេខភ្នំពេញ ភ្នំពេញ 3D-9332 និងខាងក្រោយ មានស្លាកលេខ ព្រះសីហនុ 4A-3020 បើកបរដោយឈ្មោះ សែន វីរៈបុត្រ ភេទប្រុស​ អាយុ​២៥ឆ្នាំ មុខរបរបើកឡាន ជនជាតិខ្មែរ រស់នៅភូមិលើកដែកស្រុកលើកដែក  ខេត្តកណ្តាល​។ 

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រ ដឹកស្រូវសាលី យកទៅក្រុមហ៊ុនស្រាបៀរមួយ បើកតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិច។ ពេលនោះ តៃកុងរថយន្តងោកមួយភាំងបាន រេចង្កូតទៅបុករោងបុណ្យ៧ថ្ងៃ បណ្តាលឱ្យបាក់រោងបុណ្យ និង រងការខូចខាត​។ 

​បន្ទាប់មកតៃកុងរថយន្តត្រូវបានម្ចាស់រោងបុណ្យឃាត់បាននៅកន្លែងកើតហេតុ បន្ទាប់មកសម្ថកិច្ចជំនាញក៏បានមកយក រថយន្តនិងតៃកុងទៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅថ្ងៃក្រោយ​​៕


 

adverise with khmeread