រថយន្ត២តោនកន្លះដាច់ក្រឡេ ពេលចុះចំណោទក្រឡាប់របួស២នាក់ប្តីប្រពន្ធ

​កោះកុង​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កឡើងដោយរថយន្តដឹកទំនិញក្រឡាប់ដោយខ្លួនឯង លើដងផ្លូវជាតិលេខ៤៨ (ក្បាលចំណោទតាតៃ) ចន្លោះគីឡូម៉ែត្រ ១៣០-១៣១ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង នាវេលាម៉ោង​៣ និង៥០​នាទីរសៀល ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០១៨​។

​ប៉ូលិសនិយាយថា រថយន្តបង្កដោយឯកឯងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ ២,៥តោន ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1087 ​ដឹកអង្ករ និងទឹកសុទ្ធ បើកបរក្នុងទិសដៅ កំពង់ស្ពឺ-អូរសោម ខេត្តពោធិ៍សាត់ កាត់តាមខេត្តកោះកុង​។ 

​លុះមកដល់ចំណុចខាងលើ រថយន្តបានដាច់ក្រឡេ ពេលចុះចំណោទ បណ្តាលឱ្យក្រ​ឡាប់ទទឹងផ្លូវ បង្កឱ្យមនុស្ស រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ គឺ ជនរងគ្រោះជាប្តីឈ្មោះ ជួន ធឿន អាយុ​៥១ឆ្នាំ ទីលំនៅភូមិសំប៉ាន ឃុំត្រពាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរ រងរបួសស្រាល និងប្រពន្ធឈ្មោះ ជីត ហ៊ីម អាយុ ៤០ ឆ្នាំ រងរបួសធ្ងន់ បាក់កដៃខាងស្តាំ​។

​បន្ទាប់មក កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ជួយជនរងគ្រោះភ្លាមៗ​​​ និងបានទំនាក់ទំនងរថយន្តសង្គ្រោះដឹកយក អ្នករងរបួស ទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្តកោះកុង​។ ដោយឡែករថយន្តដែលទទឹងផ្លូវ កម្លាំងបានហៅរថយន្តស្ទូច មកស្ទូចយកចេញពីលើទ្រូងផ្លូវ​៕

adverise with khmeread