បែកធ្លាយរូបថតថាក់ស៊ីន និង យីងឡាក់ ថតនៅរដ្ឋធានីវ៉ាស៊ីនតោន

ប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនបានបង្ហោះរូបថតរបស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត់ និងបងប្រុសជាអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលថតនៅកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅទីក្រុងវ៉ាស៊ីនតោន របស់អាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថា បងប្អូនបង្កើតទាំង២នេះនឹងស្នាក់នៅសហរដ្ឋអាមេរិកមួយរយៈ មុននឹងត្រឡប់ទៅអឺរ៉ុបវិញនៅខែមិថុនានេះ។

រូបថតនោះបានបង្ហាញ បងប្អូនត្រកូលស៊ីណាវ៉ាត់ កំពុងឈរថតជាមួយគ្នានៅឯស្តូបរំលឹកវិញ្ញាណក្ខន្ធ Lincoln Memorial ប៉ុន្តែគេមិនដឹងច្បាស់ថារូបនោះថតនៅពេលណានោះទេ។

មេប៉ូលិសរង លោក Srivara Ransibrahmanakul បាននិយាយថា ប៉ូលិសកំពុងព្យាយាមកំណត់ថាតើរូបភាពនេះត្រូវបានថតនៅពេលណា។

ថ្មីៗនេះអ្នកទាំងពីរឃើញទៅទស្សនាប្រទេសដទៃទៀត រួមមាន ជប៉ុន ចិន និង សិង្ហបុរី។

លោកស្រីយីងឡាក់ ដែលធ្វើជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០១១ រហូតដល់លោកស្រីត្រូវបានបណ្តេញចេញដោយតុលាការធម្មនុញ្ញរបស់ថៃ នៅមុនរដ្ឋប្រហារ ខែឧសភា ឆ្នាំ ២០១៤ បានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហាឆ្នាំមុន ចំពេលមានករណីព្រហ្មទណ្ឌប្រឆាំងនឹងលោកស្រី។

នៅខែបន្ទាប់ តុលាការកំពូលបានកាត់ទោសកំបាំងមុខអតីតនាយករដ្ឋមន្ត្រីស្រីរូបនេះ ឱ្យជាប់គុក ៥ ឆ្នាំពីបទបំពានលើគម្រោងឧបត្ថម្ភធនស្រូវអង្ករ ដែលបណ្តាលឱ្យរដ្ឋខាតបង់យ៉ាងច្រើន។

វេបសាយភាសាថៃរបស់ BBC បានរាយការណ៍នៅសប្តាហ៍នេះថា លោកស្រីយីងឡាក់បានទទួលទិដ្ឋាការចូលពីចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យគាត់ស្នាក់នៅក្នុងប្រទេសនេះរយៈពេល ១០ ឆ្នាំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត