"Spiderman បារាំង" ឡើងតោងអគារខ្ពស់កប់ពពកទើបបានពាក់កណ្តាល ត្រូវប៉ូលិសកូរ៉េចាប់ចុះមកវិញ

អ្នកឡើងជញ្ជាំងសញ្ជាតិបារាំង លោក Alain Robert បានប៉ុនប៉ងឡើងអគារខ្ពស់ជាងគេលំដាប់ទី ៥ លើពិភពលោកកាលពីថ្ងៃពុធទី៦មិថុនា ដោយឡើងទើបតែពាក់កណ្តាលអគារ Lotte World Tower កម្ពស់ ១២៣​ជាន់ នៅទីក្រុងសេអ៊ូល មុនពេលកងកម្លាំងសន្តិសុខបង្ខំឱ្យគាត់បោះបង់ចោលការឡើងអគារ។

បុរសអាយុ ៥៥ ឆ្នាំ រហស្សនាម "Spiderman បារាំង" រូបនេះបានឡើងអគារខ្ពស់នេះដោយដៃទទេ និង គ្មានខ្សែកាបការពារឡើយ ខណៈដែលបុគ្គលិកនាំគ្នាដេញតាមមើលគាត់ពីខាងក្នុងអគារ។

លោក Alain Robert​ បានប្រាប់ AFP ថា "ខ្ញុំឡើងបានប្រហែល ៧៥ ជាន់ ហើយបន្ទាប់ពីនោះ វារញ៉េរញ៉ៃដូចឆ្មានិងកណ្តុរ។ ទីបំផុតខ្ញុំបានសម្រេចចិត្តចុះចាញ់"។

គាត់ត្រូវបានគេនាំយកទៅដាក់លើដំបូលត្រង់កន្លែងថែទាំអគារ ហើយត្រូវបានចាប់ខ្លួនតែម្តង។ គាត់នឹងត្រូវគេផាកពិន័យ និងធ្វើកិច្ចសន្យាសិន មុននឹងដោះលែងឱ្យរួចខ្លួន៕

adverise with khmeread

អ្នកនឹងចូលចិត្ត