Ramos កាច់ដៃ Salah ក្លាយជាសំណួរមួយក្នុងវិញ្ញាសាច្បាប់សម្រាប់និស្សិតប្រឡងនៅសាកលវិទ្យាល័យមួយ ក្នុងប្រទេសស៊ីរី

ការធាក់ដែលបង្ខំឱ្យខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Mohamad Salah ចាកចេញពីលើទីលានត្រឹមរយៈពេល ៣០នាទីក្នុងដំណើរប្រជែងពានរង្វាន់កំពូល Champions League វគ្គផ្តាច់ព្រ័ត្រកន្លងទៅ បានដាក់បញ្ចូលទៅជាសំណួរក្នុងវិញ្ញាសាច្បាប់មួយ។ នេះបើយោងតាមវេបសាយ BBC។

បណ្តាញសង្គម Facebook ក្នុងប្រទេសស៊ីរី បានចែកចាយរូបភាពមួយសន្លឹកពីវិញ្ញាសាច្បាប់ព្រហ្មទណ្ឌទូទៅ ដែលបានចេញសម្រាប់និស្សិតឆ្នាំទីមួយនៅឯសកលវិទ្យាល័យ University of Damascus។

សំណួរនេះបានសួរថា "Sergio Ramos បានបង្ករបួសទៅលើ Mohamed Salah ក្នុង European Champions League វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៨។ ជាធម្មតា Ramos មិនមានទំនួលខុសត្រូវចំពោះសកម្មភាពនេះទេបើយោងទស្សនាទានច្បាប់ព្រហម្មទណ្ឌ ដោយសារលក្ខខណ្ឌបួនអំពីការប្រើអំពើហិង្សាក្នុងកីឡា។ ចូររៀបរាប់លក្ខខណ្ឌទាំងបួននោះ"។

ហើយវាក៏ត្រូវបានឆ្លើយយ៉ាងត្រឹមត្រូវផងដែរដោយនិស្សិតមួយរូប ដែលបានបង្ហោះនៅលើផេក Facebook ឈ្មោះ Hawa TV។

គាត់បានសរសេរថា "លក្ខខណ្ឌទី ១. ការប្រកួតនេះរៀបចំដោយផ្អែកលើច្បាប់កីឡា ២. កីឡាកររបួស គឺមានឆន្ទៈចង់បន្តលេងទៀត ៣. កីឡាកររបួសត្រូវគោរពតាមច្បាប់និងគោលការណ៍ប្រកួត និង ៤. កីឡាកររបួសអាចលេងទាំងរបួសបានបើអាច"៕

adverise with khmeread