អ្នកមានបំផុតនៅអង់គ្លេសបោះកញ្ចប់លុយ ២,៦៨ ពាន់លានដុល្លារសុំទិញ Chelsea បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលែងឱ្យពួកមហាសេដ្ឋីរុស្ស៊ីធ្វើការនៅប្រទេសខ្លួន

បុរសមានបំផុតរបស់អង់គ្លេសបានមកជួបលោក Roman Abramovich ដើម្បីពិភាក្សាអំពីការទិញក្លិបបាល់ទាត់ Chelsea បន្ទាប់ពីអនាគតមហាសេដ្ឋីរុស្ស៊ីរូបនេះនៅចក្រភពអង់គ្លេសកំពុងជួបស្ថានភាពស្រពិចស្រពិល។

លោក Jim Ratcliffe អាយុ ៦៥ ឆ្នាំ ជាប្រធានក្រុមហ៊ុនគីមីឥន្ទនៈខ្នាតយក្ស Ineos ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបុណ្យខួបកំណើតរបស់ព្រះមហាក្សត្រិយានីសម្រាប់សេវាកម្ម ពាណិជ្ជកម្ម និង ការវិនិយោគរបស់គាត់នោះ តាមដឹងគឺបានស្នើផ្តល់ជូនទឹកប្រាក់ចំនួន ២ ពាន់លានផោន (២,៦៨ លានដុល្លារ) ដើម្បីទិញក្លិប។

ការស្នើទិញក្លិបនេះកើតឡើង ខណៈដែលលោក Abramovich អាយុ ៥១ ឆ្នាំកំពុងជួបការលំបាកក្នុងការបន្តទិដ្ឋាការស្នាក់នៅចក្រភពអង់គ្លេស បន្ទាប់ពីការបង្ក្រាបរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ទៅលើមហាសេដ្ឋីរុស្ស៊ីដែលរស់នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីការបំពុលទៅលើអតីតចារកម្មរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia នៅទីក្រុង Salisbury។

ម្ចាស់ក្លិបតោខៀវ Chelsea រូបនេះ តាមដឹងគឺខឹងសម្បារយ៉ាងខ្លាំងចំពោះការមិនត្រូវបានគេអនុញ្ញាតឱ្យមើលការប្រកួតរបស់ក្លិបគាត់នៅក្នុងក្របខ័ណ្ឌ FA Cup វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ១៩ ខែឧសភា ហើយក្នុងរយៈពេលតែប៉ុន្មានថ្ងៃក្រោយមកនោះ គាត់បានដាក់ពាក្យសុំ និង ទទួលបានសញ្ជាតិអ៊ីស្រាអែលតែម្តង។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ច្បាស់ថាគាត់មិនអាចធ្វើការនៅក្នុងប្រទេសអង់គ្លេសដោយផ្អែកលើលិខិតឆ្លងដែនអ៊ីស្រាអែលរបស់គាត់បានទេ ប៉ុន្តែគាត់អាចមកលេងបាន ៦ ខែក្នុងមួយជើង។

លោក Ratcliffe ជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីអ្នកមានរបស់កាសែត Sunday Times ជាមួយទ្រព្យសម្បត្តិព្យាករណ៍ចំនួន ២១ លានផោន (ជាង ២៨ ពាន់លានដុល្លារ)។ ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ineos គឺប្រហែលជាង ៦០ ពាន់លានដុល្លារ ហើយក្រុមហ៊ុននេះមានបុគ្គលិកជាង ១៨.៥០០ នាក់នៅក្នុងប្រទេសចំនួន ២២៕

adverise with khmeread