កិច្ចព្រមព្រៀងផ្ទេរ Nabil Fekir ជាប់គាំង បន្ទាប់ពីក្លឹប Lyon ប្រកាសបញ្ចប់ការចរចា

          កិច្ច​ប្រឹងប្រែង​របស់​ក្លឹប Liverpool ដើម្បី​ផ្ទេរ​កីឡាករ Nabil Fekir ក្នុងតម្លៃ​៥៣លានផោនត្រូវ​បរាជ័យ​ បន្ទាប់ពី​ក្លឹប Lyon លុប​ចោល​ការចរចា​នេះ​យ៉ាងតក់ក្រហល់។

          Fekir​ ដែល​រក​បាន​២៣​គ្រាប់​សម្រាប់ក្រុម Lyon នៅ​ក្របខណ្ឌ Ligue 1 កាល​ពីរដូវកាល​មុន​នោះ គឺជាគោលដៅ​ផ្ទេរ​ចម្បង​របស់​លោក Jurgen Klopp នៅ​រដូវក្តៅ​នេះ​ ហើយ​ត្រូ​វបាន​គេចាត់ទុកថា ជា​អ្នក​ជំនួស​តំណែង​របស់ Philippe Coutinho ។

          កិច្ច​ព្រមព្រៀង​រយៈ​ពេល​៥ឆ្នាំ​ដែល​មាន​ប្រាក់ឈ្នួល​១៤០.០០០​ផោន​ក្នុងមួយសប្តាហ៍​ត្រូវ​បាន​ឯកភាព​ ហើយ​ក្រុម​វេជ្ជបណ្ឌិតក្លឹប Liverpool បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុងប៉ារីស​កាល​ពី​ថ្ងៃសុក្រ ដើម្បី​ពិនិត្យ​សុខភាពកីឡាករ​អន្តរជាតិ​បារាំងរូបនេះ​នៅ​ទីលាន​ប្រមូល​ផ្តុំក្រុមជម្រើស​ជាតិ​បារាំង​ Clairefontaine ។

          មាន​ការរំពឹងថា ក្លឹប Liverpool នឹង​ធ្វើ​ការប្រកាស​ពីការផ្ទេរ​នៅ​ល្ងាចថ្ងៃសុក្រ ប៉ុន្តែមាន​បញ្ហាកើត​ឡើង​ អំឡុង​ពេល​ធ្វើ​តេស្តលើ​សុខភាព​ ដែល​ធ្វើ​ឲ្យ​ Liverpool ត្រូវពិចារណា​ឡើង   ​វិញ។

          មានការអះអាងនៅ​ប្រទេសបារាំង​ថា Liverpool ព្យាយាម​ចរចាឡើង​វិញជុំវិញ លក្ខ ខណ្ឌដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​ដោយ​ប្រធាន​បច្ចេកទេស Michael Edwards ប៉ុន្តែរឿងនេះវា​មិន​មែនជាការពិតទេ។

          នៅ​ពេល​បញ្ហានេះ​អូសបន្លាយ​ដល់ថ្ងៃសុក្រក្លឹប Lyon បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​លើវេបសាយ​របស់​ខ្លួន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ផ្ទេរនេះ​បាន​ជាប់គាំង ហើយ​ថា ការចរចានឹង​មិនបន្តទៀតទេ។

          សេចក្តី​ថ្លែងការណ៍នេះ​ត្រូវ​បាន​បង្ហោះ​នៅលើគេហទំព័រ​ផ្លូវ​ការ​របស់ក្លឹប Lyon ប៉ុន្តែ​ត្រូវ​បាន​ដកចេញវិញ​ភ្លាមបន្តិចក្រោយ​មក៕

adverise with khmeread