ខ្សែការពាររុស្ស៊ី Ilya Kutepov : ខ្ញុំអាចប្រើយុទ្ធសាស្ត្ររបស់ Sergio Ramos ដើម្បីរារាំង Salah

ក្រុមជម្រើសជាតិរុស្ស៊ីប្រហែលជាអាចនឹងប្រើប្រាស់មធ្យោបាយទាញដៃដើម្បីរារាំងខ្សែប្រយុទ្ធ Mohamed Salah នៅពេលពួកគេប្រឈមមុខជាមួយនឹងកីឡាករឆ្នើមអេហ្ស៊ីបរូបនេះ ក្នុងព្រឹត្តិការណ៍វើលខាប់នៅចុងខែនេះ។

 

ខ្សែការពារ Ilya Kutepov របស់រុស្ស៊ី អះអាងថា ជំនួបជាមួយ Salah មិនធ្វើឲ្យខ្លួនមានការបារម្ភទេ ហើយជឿថា ខ្លួនអាចរារាំងកីឡាកររូបនេះ បានប្រសិនបើប្រើប្រាស់មធ្យោបាយរបស់កីឡាករ Sergio Ramos។

 

Ilya បាននិយាយថា “ខ្ញុំមិនបារម្ភនឹង Salah ទេ។ តើអ្នករារាំងគាត់តាមវិធីណា? ប្រាកដណាស់ យើងអាចធ្វើអ្វីដែល Ramos បានធ្វើជាឧទាហរណ៍ស្រាប់។

គាត់បានបង្ហាញយើងពីវិធីមួយ ដើម្បីរារាំងកីឡាករខ្លាំងដូចជា Salah ហើយខ្ញុំមិនអាចនិយាយថា សោកស្តាយនៅពេលឃើញ Salah រងរបួសនៅវគ្គផ្តាច់ព្រ័ត្រនោះទេ”។

 

Salah បានព្យាយាមស្តាទម្រង់លេងរបស់ខ្លួនឡើងវិញនៅមុនការប្រកួតដ៏ធំនេះ បន្ទាប់ពីបង្ខំចិត្តចាកចេញពីទីលានប្រកួត អំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ CL កាលពីពីរសប្តាហ៍មុន។

 

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបាន ប៉ះទង្គិចជាមួយខ្សែការពារ  Ramos របស់ Real Madrid នៅតង់ទី១ ហើយដួលបោកត្រូវស្មាធ្ងន់ធ្ងរមុនពេលចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក។

 

ទោះបីជាយ៉ាងណា Salah បានមកដល់ប្រទេសរុស្ស៊ីជាមួយក្រុមជម្រើសជាតិអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ខណៈពួកគេត្រៀមប្រឈមមុខជាមួយក្រុមអ៊ុយរូហ្គាយនៅទីក្រុង Ekaterinburg នៅថ្ងៃសុក្រ៕

adverise with khmeread