កុមារាម្នាក់មើលរឿងអាសអាភាសនៅក្នុងហ្គេមណេត រហូតឡើងតណ្ហា ចាប់រំលោភកុមារីអាយុ៤ឆ្នាំ

​ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ១២ឆ្នាំ យកមកសាកសួរ បន្ទាប់ពីបានទទួលពាក្យបណ្តឹងថា កុមារារូបនេះបានធ្វើសកម្មភាពចាប់រំលោភ ទៅកុមារីអាយុ៤ឆ្នាំម្នាក់កាលពីវេលា ម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលអត់លេខ ស្ថិតក្នុងភូមិទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ 

​ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ កុមារាដែលជាជនសង្ស័យ មានឈ្មោះ យ ថ  អាយុ១២ឆ្នាំ រៀននៅសាលាបឋមសិក្សាបឹងសាឡាង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ​។ ចំណែកឯកុមារីរងគ្រោះមានឈ្មោះ ល វ យ  អាយុ៤ឆ្នាំ ស្នាក់នៅជាក្រុមគ្រួសារ  ក្នុងបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

​តាមសម្តីស្ត្រីម្នាក់ឈ្មោះ ឆ.ល. អាយុ៤៦ឆ្នាំ ត្រូវជាយាយរបស់កុមារីរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា ពួកគាត់បានមកស្នាក់នៅកន្លែងកើតហេតុ អស់រយៈពេលជាងមួយឆ្នាំមកហើយ​។ ជារៀងរាល់ថ្ងៃពេលដែលគាត់ និងឪពុកម្តាយរបស់កុមារីរងគ្រោះ ចេញទៅលក់ផ្លែឈើនៅផ្សារដើមគរអស់ គឺបានទុកកុមារីរងគ្រោះឱ្យលោកតាដែល ពិការជើង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ មើលថែនៅឯផ្ទះ។ 

​ប្រភពបន្តទៀតថានៅមុនពេលកើតហេតុ ពួកគាត់ក៏បានត្រឡប់មកពីលក់ផ្លែឈើនៅផ្សារដើមគរវិញ​។ លុះដល់វេលាកើតហេតុលោកយាយរបស់កុមារីរងគ្រោះ ក៏បាននាំកុមារីរងគ្រោះទៅងូតទឹក ហើយខណៈពេលដែលកំពុងតែងូតទឹក កុមារីរងគ្រោះក៏ចេះតែស្រែកថាឈឺត្រង់ប្រដាប់ភេទ​។

​បន្ទាប់មកលោកយាយរបស់កុមារីរងគ្រោះ ក៏បានចាប់កុមារីរងគ្រោះពិនិត្យមើល ក៏ឃើញមានស្នាមដាច់រលាត់ រួចក៏បានសួរនាំចៅស្រីពីរទៅបីដង ទើបកុមារី រងគ្រោះក៏បានរៀបរាប់ប្រាប់ថា កុមារាដែលជាជនសង្ស័យខាងលើ បានចាប់រំលោភនាងកាលពីថ្ងៃមិញ​។ 

​ប្រភពដដែលបន្តទៀតថា បន្ទាប់ពីចៅស្រីដែលជាកុមារី រងគ្រោះបានរៀបរាប់ ដើមទងសាច់រឿងប្រាប់ហើយ ក៏បានរាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលបឹងសាឡាងភ្លាមៗ ។

​ដោយឡែកកុមារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យសម្ភពក្រុងធ្វើការពិនិត្យ ដោយខាងមន្ទីរពេទ្យមិនបានចេញលទ្ធផលមកក្រុមគ្រួសាររបស់កុមារីជនរងគ្រោះនោះទេ ដោយប្រាប់រង់ចាំសមត្ថកិច្ច ឬមានដីកាពីតុលាការ ទើបអាចប្រគល់លទ្ធផលត្រួតពិនិត្យនេះបាន​។ 

​សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរនាំ ទៅលើកុមារាដែលជាជនសង្ស័យខាងលើរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ទៅលើកុមារីរងគ្រោះខាងលើពិតប្រាកដមែន។ ដោយកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃកើតហេតុ រូបគេនិងក្មេងជាច្រើនទៀត រួមទាំងកុមារីរងគ្រោះ បានលេងបាយឡុកបាយឡ នៅខាងមុខបន្ទប់ជួល ដែលជាកន្លែងកើតហេតុ។

​លុះមួយស្ទុះក្រោយមក រូបគេក៏បានដើរចូលទៅក្នុងបន្ទប់ជួលរបស់រូបគេ ខណៈពេលដែលឪពុកម្តាយចេញទៅធ្វើការអស់​។ ពេលនោះកុមារីរងគ្រោះក៏បានដើរចូលទៅតាមរូបគេដល់ក្នុងបន្ទប់​។ ភ្លាមនោះកុមារាដែលជាជនសង្ស័យក៏ចាប់ឱបកុមារីរងគ្រោះ ស្រាតខោរបស់នាងរួចផ្តួលនាងទៅនឹងឥដ្ឋការ៉ូ ហើយក៏បានធ្វើការចាប់រំលោភទៅលើកុមារីរងគ្រោះតែម្តង ប៉ុន្តែមិនបានសម្រេចនេះទេរួចក៏នាំកុមារីរងគ្រោះចេញពីក្នុងបន្ទប់របស់គេវិញទៅ។ 

​ចំពោះមូលហេតុដែលបណ្តាលឱ្យរូបគេ កើតមានកាមតណ្ហាចាប់រំលោភទៅលើកុមារីរងគ្រោះខាងលើនោះ គឺព្រោះតែរូបគេបានចូលទៅលេងហ្គេម នៅក្នុងណេតមួយកន្លែង ដែលនៅជិតនឹងកន្លែងដែលគេស្នាក់នៅ ហើយគេតែងតែបើកមើលរឿងអាសអាភាសជាច្រើនដង រហូតកើតមានតណ្ហា ឈានទៅដល់ការចាប់រំលោភកុមារីរងគ្រោះតែម្តង​។ 

​ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់កុមារីរងគ្រោះបានទៅធ្វើការដាក់ពាក្យ​បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង។ ​បច្ចុប្បន្នកុមារាដែលជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីចាត់ការបន្ត៕
 

adverise with khmeread