សមត្ថកិច្ចសម្រេចឱ្យ២នាក់ ប្តីប្រពន្ធ​នេះចែកផ្លូវគ្នា ដោយសារតែសុំរួមរក្សមិនបាន

​ភ្នំពេញ ៖ បុរសម្នាក់ជាប្តីបានប្រើអំពើហិង្សាវាយប្រពន្ធខៀវភ្នែក ជាំមុខ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង​១២ និង១០​រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ១៧២ ជាប់របងវត្តសារាវ័ន្ត ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។ 

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ប្តីមានឈ្មោះ ប៉ាន់ ធន់ អាយុ៥៣ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើចម្ការស្វាយ រស់នៅក្នុងភូមិ ព្រែកលាប សង្កាត់ ព្រែកលៀប  ខណ្ឌជ្រោយចង្វារ។ ប្រពន្ធឈ្មោះ មាស សុធា​ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងបារាំង ​ជិតវត្តសារាវ័ន្ត ក្នុងសង្កាត់ជ័យជំនះ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត នៅភូមិព្រៃសាច់​ ឃុំកោះស្តេច ស្រុកការីសាគរ ខេត្តកោះកុង។

​តាមសម្តីស្រ្តីរងគ្រោះបានឱ្យដឹងថា មុនដំបូងរូបគាត់មានប្តីត្រឹមត្រូវ រស់នៅខេត្តកំពត ដល់ពេលផ្លាស់មកនៅខេត្តកោះកុង ប្តីរបស់គាត់ក៏មានស្រី ហើយរូបគាត់ក៏លែងលះគ្នាក្រៅច្បាប់។ ស្រ្តីរងគ្រោះក៏មករកការងារនៅទីក្រុងភ្នំពេញ ក៏បានជួបបុរសម្នាក់ បានស្រលាញ់គ្នាយកគ្នាធ្វើប្តីប្រពន្ធរួមរស់អស់រយៈពេល៧ឆ្នាំមកហើយតែមិនមានកូនទេ​។ 

​រហូតទើបដឹងថា ប្តីរបស់គាត់មានប្រពន្ធដើម និងបានបែកឮដល់ប្រពន្ធដើមទោះបីគេ​ប្រាប់យ៉ាងណាក៏ចេះតែទ្រាំ។ ហើយប្តីកំហូចនោះបានចាប់រំលោកប្អូនថ្លៃនាងថែមទៀត។ ទើបថ្ងៃកើតហេតុខាងលើនេះ រូបគាត់ត្រូវបានប្តីបង្ខំឱ្យទៅដេកជាមួយគាត់ តែរូបគាត់មិនព្រមទៅធ្វើឱ្យប្តីខឹងក៏ទះកំផ្លៀង បណ្តាលឱ្យជាំមុខខៀវភ្នែក ស្រែកទ្រហូរយំ បង្កឱ្យ
មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ​។ 

​ក្រោយមកសមត្ថកិច្ច ក៏នាំប្តីប្រពន្ធទាំងពីរនាក់មកប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ដើម្បីសម្របសម្រួលខាងប្រពន្ធមិនប្តឹង តែសូមចប់គ្នាត្រឹមនឹង ហើយសមត្ថកិច្ចក៏ឱ្យ២នាក់ ប្តីប្រពន្ធចែកផ្លូវគ្នាចាប់ពីពេលនេះតទៅ ពីព្រោះអ្នកទាំង២ មិនបានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ​៕

adverise with khmeread