​មេសហជីពមួយ អំពាវនាវឱ្យកម្មករ​ កម្មការនី ទៅបោះឆ្នោតទាំងអស់គ្នាដើម្បីបន្តរក្សាសន្តិភាព និង​ ការអភិវឌ្ឍន៍

​កំពង់ចាម ៖ មេសហជីពមួយរូបបានថ្លែងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីផ្ទាល់ បានធ្វើឱ្យកម្មករ​ និយោជិត ទទួលបានអត្ថប្រយោជន៍នៅក្នុងវិស័យការងារជាច្រើនដូចជា ប្រាក់ឈ្នូលអប្បរមាត្រូវបានតម្លើងជារៀងរាល់ឆ្នាំ​, ស្រ្តីមានផ្ទៃពោះនៅពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ​, ការទទួលពិនិត្យសុខភាព ​និងការជិះឡានក្រុងដោយមិនគិតថវិកាជាដើម​។ 

​​លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពសម្លេងយុជនខ្មែរបានថ្លែងបន្តថា កាយវិការទាំងអស់នេះបាន បង្ហាញឱ្យឃើញថា មានតែសម្តេចតេជោតែមួយគត់ ជាអ្នកស្វែងរកសន្តិភាពជូនដល់ប្រទេសជាតិទាំងមូល ជាពិសេសបានជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឱ្យកាន់តែខិតទៅជិតប្រពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគេទទួលបានឱកាសធ្វើការងារកាន់តែ​ច្រើនឡើងៗ​។ 

​ទាក់ទិននឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិការទី៦ ខាងមុខនេះ លោក ឡុងសាផាត ព្រមទាំង តំណាងសហជីពមូលដ្ឋានបានអំពាវនាវស្រដៀងគ្នាថា សូមឱ្យ
កម្មករនិយោជិតមានការជឿជាក់លើរាជរដ្ឋាភិបាលពិតជាមានការអភិវឌ្ឍន៍​។ មានសម្តេចតេជោ គឺកម្មករ​ និយោជិតទទួល អត្ថប្រយោជន៍ក្នុងការងារឥតឈប់ឈរ មានសន្តិភាព និងសេរីពេញលេញ ដូចនេះសូមបងប្អូន កម្មករ​ កម្មការិនីទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា​។

​តំណាងកម្មករ​ កម្មការនី នៅតាមមូលដ្ឋានជាច្រើននាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រផលិតស្បែកជើងខាលីនតុន ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក៏បានបញ្ចេញចំណាប់អារម្មណ៍ និងគោលជំហរស្រដៀងគ្នាផងដែរថា នៅក្នុងឱកាសបោះឆ្នោតខាងមុខនេះ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងថា នឹងទៅបោះឆ្នោតទាំងអស់គ្នា។

​កម្មករ​ និយោជិតទាំងនោះ បានលើកឡើងថា មានសម្តេចតេជោមានសន្តិភា មានអភិវឌ្ឍន៍ និង​ ពិតជាបានផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ​។ សម្តេចតេជោបានជំរុញការអភិវឌ្ឍន៍រោងចក្រដល់មូលដ្ឋាន គឺបានធ្វើឱ្យពួកគាត់សប្បាយចិត្ត ព្រោះមានរោងចក្រនៅជិត ចំណេញទាំងពេលវេលា និងថវិកាជាច្រើន និងការរស់នៅជួបជុំគ្រួសារជាដើម​។ កត្តាទាំងនេះ បានធ្វើឱ្យពួកគាត់បានចាក់ឬសចាក់គល់ និងមានភាពជឿជាក់យ៉ាងខ្លាំងក្នុងការដឹកនាំរបស់សម្តេចក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត​៕

adverise with khmeread