ត្រួតពិនិត្យជនអន្តោប្រវេសន៍រកឃើញជនបរទេស១៣នាក់ស្នាក់នៅខុសច្បាប់

ភ្នំពេញ​ ៖​ ប៉ូលិស ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី រាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌ ទួលគោក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀលដោយឃាត់ជនបរទេសស្នាក់នៅខុសច្បាប់សរុបចំនួន១៣នាក់ (ស្រី០៥នាក់)។ 

​ប្រតិបត្តិការនេះ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ ស្ថិតនៅហាងកាហ្វេ និងហាងម៉ាស្សាកោសជប់ ផ្លូវលេខ២២៣ និងផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក​។ 

​ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន១៣នាក់ (ស្រី០៥នាក់)។ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread