អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ គួរទទួលទានគ្រាប់ផ្លែឈើប៉ុន្មានមុខនេះ មួយក្តាប់រាល់ថ្ងៃ ព្រោះវាជួយរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងចុះផ្តេសផ្តាស

ការស្រាវជ្រាវថ្មីមួយបានចង្អុលបង្ហាញថា ការទទួលទានគ្រាប់អាល់ម៉ុង គ្រាប់ស្វាយចន្ទី និង គ្រាប់វ៉លណាត់មួយក្តាប់រាល់ថ្ងៃ ជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ ។

ការសិក្សារបស់កាណាដាបានរកឃើញថា គ្រាប់ផ្លែឈើគ្មានជាតិអំបិលចម្រុះទាំង៣មុខនេះចំនួន ៧៥ ក្រាមក្នុងមួយថ្ងៃ ជួយធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកជំងឺ។

ការស្រាវជ្រាវបានបន្ថែមថា អាហារសម្រន់នេះក៏ជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូល "អាក្រក់" និងបន្ថយកម្រិតនៃប្រូតេអ៊ីនដែលទាក់ទងទៅនឹងជំងឺបេះដូង ដែលគេស្គាល់ថា ប្រូតេអ៊ីន Apo-B ផងដែរ។

ពួកអ្នកស្រាវជ្រាវកាណាដាជឿថា ការរកឃើញរបស់ពួកគេបង្ហាញពីសារៈសំខាន់នៃជាតិខ្លាញ់ធម្មជាតិ និង កាបូនអ៊ីដ្រាតកម្រិតទាប សម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ២។

មនុស្សប្រមាណ ៣,៥ លាននាក់នៅចក្រភពអង់គ្លេសត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺទឹកនោមផ្អែម ដែលក្នុងនោះប្រហែល ៩០ ភាគរយ គឺកើតជំងឺទឹកនោមផ្អែមប្រភេទ ២៕

adverise with khmeread