រថយន្តបើកដោយអ្នកស្រវឹងបុកកម្ទេចតូបបាយឆា, មីឆា និងបង្គោលស្លាកចរាចរណ៍គ្មានសល់

​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបានបើក រថយន្តហ្វតរ៉េនជឺក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតបុកចូលកន្លែងលក់បាយឆា មីឆា និងបង្គោលស្លាកសញ្ញាចរាចរណ៍ បង្កឱ្យមានអ្នករង របួសស្រាល២នាក់ កាលពីវេលាម៉ោង​១២ និង២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ៣០២ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្តបង្កម៉ាក ហ្វតរ៉េនជឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5631 បើកបរដោយបុរសម្នាក់មិនស្គាល់ អត្តសញ្ញាណ ស្ថិតក្នុងស្ថានភាពស្រវឹង ។

​ប្រភពព័ត៌មានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងស្ថានភាពស្រវឹង បានបើកយ៉ាងលឿនពេក ក៏រេចង្កូតជ្រុល មកបុកចូលកន្លែង លក់បាយឆាមីឆាមួយកន្លែង នៅខាងមុខនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងទល់មុខ ហាងម្លិះ បណ្តាលឱ្យរងការខូចខាតឥវ៉ាន់លក់ដូរស្ទើរតែទាំងស្រុង ហើយបង្កឱ្យមានអ្នករងរបួសស្រាល២នាក់ អ្នកលក់ម្នាក់ និងភ្ញៀវម្នាក់​។ ព្រមទាំងដាច់បង្គោលស្លាក សញ្ញាចរាចរណ៍បង្ហាញផ្លូវអស់១ និងម៉ូតូមួយគ្រឿង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខបាក់បែកយ៉ាងដំណំ​។ 

​ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏ឃាត់ខ្លួនតៃកុងរថយន្តយកទៅប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីរង់ចាំខាងចរាចរណ៍ក្រុងមកយក តៃកុងឡាននិងរថយន្តទៅរក្សាទុកដោះស្រាយគ្នានៅថ្ងៃក្រោយ​៕


 

adverise with khmeread