Frank Lampad ចង់ផ្ទេរខ្សែការពារវ័យក្មេង Jay Dasilva ពីអតីតក្លឹបរបស់ខ្លួន

Frank Lampard​ ចង់ផ្ទេរខ្សែការពារឆ្នើមវ័យក្មេង Jay Dasilva របស់អតីតក្លឹប Chelsea របស់ខ្លួនដើម្បីរៀបចំក្រុម Derby County ឡើងវិញ។

 

Lampard និងជំនួយការ Jody Morris តាមឃ្លាំមើលសកម្មភាពរបស់ Dasilva អំឡុងពេលក្រុមជម្រើសយុវជនអង់គ្លេសយកឈ្នះក្រុមស្កុតឡែន។ Lampard សង្ឃឹមថា នឹងទទួលបានខ្សែការពារស្លាបវ័យ២០ឆ្នាំរូបនេះដែលបានលើកពានយុវជនឆ្នើមបីលើកនិងពាន UEFA Champions Leagues ពីរលើកមកហើយនោះ។

 

ក្លឹប Charlton​ ចង់បាន Dasilva ត្រឡប់ទៅវិញ បន្ទាប់ពីកីឡាកររូបនេះលើកពានកីឡាករឆ្នើមប្រចាំឆ្នាំកាលពីដំណាច់នៃកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល។ ប៉ុន្តែមានក្លឹបពីរនៅក្របខណ្ឌ PL និងក្លឹបមួយចំនួននៅក្របខណ្ឌ Championship ចង់ឲ្យកីឡាកររូបនេះបន្តការអភិវឌ្ឍខ្លួនមួយកម្រិតទៀត។

 

Dasilva ស្ថិតក្នុងចំណោមវីរបុរស អំឡុងពេលប្រកួតយកឈ្នះក្រុមម៉ិកស៊ិកកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដែលជួយក្រុមជម្រើសយុវជនក្រោម២១ឆ្នាំរបស់អង់គ្លេសលើកពាន Toulon Tournament ជាលើកទី៣ជាប់គ្នា។

 

ក្លឹប Chelsea ក៏កំពុងចាប់អារម្មណ៍នឹងភាពរីកចម្រើនរបស់កីឡាករវ័យក្មេងរូបនេះផងដែរ និងបានផ្តល់កិច្ចសន្យាបួនឆ្នាំកាលពីខែកក្កដាឆ្នាំមុន។ ប៉ុន្តែ Dasilva ត្រូវបានផ្ទេរចេញទៅលេងក្នុងកិច្ចសន្យាខ្ចីជើងនៅក្លឹប Charlton៕

adverise with khmeread