បុរសម្នាក់ស្រវឹងហើយបើកឡានមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ជ្រុលទៅបុកគូទឡានគេ​ ក្បាលបោកផ្ទប់នឹងកញ្ចក់របួសធ្ងន់

​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បានបើករថយន្តបោះពួយយ៉ាងលឿនដូចហោះ រួចក៏រេចង្កូតជ្រុលទៅបុកគូទរថយន្តដែលឈប់ចតនៅលើចិញ្ចើមផ្លូវ បណ្តាល
អ្នកបើកបររថយន្តបង្ករងរបួសបែកក្បាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​។ 

​ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលា ម៉ោង១ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្សារនាគមាស តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ 

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាក កាមរីហាយប្រីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-9325 បើកបរដោយបុរសវ័យប្រហែល
៣០ឆ្នាំ បានរងរបួសធ្ងន់ត្រង់ក្បាល ដោយសារផ្ទប់នឹងកញ្ចក់​។ រីឯរថយន្តរងគ្រោះ ម៉ាក ហ៊ីយិនដាយ ពណ៌សំបកឳឡឹក ប្រភេទសាំងយ៉ុង ដឹកផ្លែឈើ ពាក់ស្លាកលេខ កំពង់ស្ពឺ 2 A-5517​។ 

​​ប្រភពព័ត៌មានបន្តថា នៅមុនពេលកើតហេតុ​ គេឃើញ​រថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ ​លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ បុកគូទរថយន្តមួយគ្រឿង ដែលឈប់ចតចោលនៅចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តសាំងយ៉ុង ប៉ើងជិត១០ម៉ែត្រ រងការខូចខាត ផ្នែកខាងក្រោយយ៉ាងដំណំ​។ 

​ចំណែកឯរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងស្រុង រីឯអ្នកបើកបររថយន្តបង្ក បានបោកក្បាលនិងកញ្ចក់រងរបួស ត្រូវបានសាច់ញាតិ ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 

​ក្រោយពេលសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ហើយឱ្យភាគីទាំងសង្ខាងសម្របសម្រួលគ្នា ខាង​រថយន្តហាយប្រីដ ជារថយន្តបង្កបានចេញសំណង
ជួសជុលទៅម្ចាស់រថយន្តសាំងយ៉ុង បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង​៕

adverise with khmeread