ស្រីស្អាតបើករថយន្តកាមរីហាយប្រ៊ីដព្រលះ CRV, ចុងក្រោយសងគេទាំងស្រុង

​ភ្នំពេញ​ ៖​ មនុស្ស ប្រុសស្រី៣នាក់ ជិះរថយន្ដកាមរីហាយប្រ៊ីដមួយគ្រឿង ក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿនមិនប្រយ័ត្ន ដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលបុករថយន្ដ CRV មួយគ្រឿង បណ្ដាលឱ្យរថយន្ដទាំងពីរ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ​មិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។

​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ត្រង់ផ្លូវលេខ៥១ កែងផ្លូវលេខ១៧៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​តាមការឱ្យដឹងពីសន្តិសុខម្នាក់ដែលយាមនៅជិតកន្លែងកើតហេតុបានបញ្ជាក់ថា គេបានឃើញរថយន្ដម៉ាក កាមរីហាយប៊្រីត មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-1011 ធ្វើដំណើរដោយបុរសនារី៣នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងតាមបណ្ដោយផ្លូវលេខ១៧៨ ទិសដៅពីកើតទៅលិចក្នុងល្បឿងយ៉ាងលឿន។ 

​លុះពេលមកដល់ចំណុចផ្លូវបំបែកជាបួន ដោយសាររថយន្ត កាមរីហាយប្រ៊ីត មិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្ដម៉ាក CRV​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-8479 ធ្វើដំណើរតាមបណ្ដោផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង បណ្ដាលឱ្យរថយន្ដទាំង២ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង​។ តែសំណាងល្អមិនបណ្ដាលឱ្យ​មានអ្នករងរបួសនោះទេ។

​តាមសម្ដីនារីរូបស្រស់ និងស៊ីចស៊ីម្នាក់ បានឱ្យដឹង​ថា រូបនាងជាអ្នកបើកបររថយន្ត និងមានមិត្តភក្តិប្រុសស្រី២នាក់ទៀត​ រួមដំណើរជាមួយ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៨ ពីកើតទៅលិចក្នុងល្បឿងលឿន​។ 

​តែពេលមកដល់ចំណុចផ្លូវបំបែកជាបួននោះ រូបនាងមិនបានបន្ថយល្បឿនទេ ក៏ស្រាប់តែមានរថយន្ត​ CRV នោះបើកចេញមក ទើបនាងព្យាយាមកាច់ចង្កូតគេចដែរ តែគេចមិនផុតក៏ជ្រុលទៅបុកចំរថយន្តខាងមុខពេញទំហឹងតែម្ដង។

​ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានប្រកែកយកត្រូវរៀងៗខ្លួន អស់រយៈពេលយ៉ាងយូរ តែដោយមានការសម្របសម្រួលពីសមត្ថកិច្ច និងណែនាំប្រាប់ខ្លះៗ ទើបភាគីខាងរថយន្ដ កាមរី ព្រមយករថយន្ដ CRV ទៅជួលជុលឱ្យទាំងស្រុងឡើងវិញ ដើម្បីបញ្ចប់រឿង៕

adverise with khmeread