អ្នកនយោបាយជាន់ខ្ពស់រុស្ស៊ីប្រាប់ស្រីៗកុំឱ្យដេកជាមួយអ្នកគាំទ្របរទេស បើមិនចង់ក្លាយជាមេម៉ាយទាំងនៅក្មេង

សមាជិកសភារុស្ស៊ីលេចធ្លោមួយរូប ដែលដឹកនាំគណៈកម្មាធិការគ្រួសាររបស់សភាបានណែនាំស្ត្រីរុស្ស៊ីកុំឱ្យរួមភេទជាមួយនឹងក្រុមអ្នកគាំទ្របរទេស ដែលមកទស្សនាការប្រកួតវើលខាប់ ដើម្បីចៀសវាងការក្លាយជាស្ត្រីមេម៉ាយមានកូនចម្រុះជាតិសាសន៍។

លោកស្រី Tamara Pletnyova វ័យ ៧០ ឆ្នាំ ដែលអ្នកដឹកនាំគណៈកម្មាធិការគ្រួសារ ស្ត្រី និងកុមារ របស់សភា បានប្រាប់វិទ្យុ Govorit Moskva ថា លោកស្រីសង្ឃឹមថា ស្ត្រីរុស្ស៊ីនឹងមិនទាក់ទងណាត់ជួបពួកអ្នកគាំទ្រភ្ញៀវទាំងនោះ រួចមានផ្ទៃពោះ។

អ្នកនយោបាយជាន់ខ្ពស់រូបនេះបានព្រមានថា ការប្រកួតបាល់ទាត់ពិភពលោកដែលរៀបចំឡើងដោយប្រទេសរុស្ស៊ីអាចបង្កើនចំនួនយុវនារីមានផ្ទៃពោះ ដោយបន្ថែមថា "ខ្ញុំសង្ឃឹមថា ពួកនាងចេះគិតគូរច្បាស់លាស់ ទាក់ទងនឹងជនបរទេស។ តើនឹងមាននារីវ័យក្មេងណាណាត់ជួបជាមួយជនបរទេសទាំងនោះ រួចមានកូនពីពួកគេទេ? ប្រហែលជាមានខ្លះ ប៉ុន្ដែ ខ្ញុំសង្ឃឹមថាមិនមានទៅចុះ"។

លោកស្រី Tamara Pletnyova បានអះអាងថា មេរៀនជាច្រើន គឺគួររៀនសូត្រពីសម័យសហភាពសូវៀត នៅពេលស្ត្រីក្នុងស្រុកខ្លះមានផ្ទៃពោះ ក្រោយពីមានទំនាក់ទំនងផ្លូវភេទជាមួយជនបរទេសនៅឯកីឡាអូឡាំពិកក្រុងមូស្គូក្នុងឆ្នាំ ១៩៨០។

នៅពេលសួរថាតើការប្រកួតបាល់ទាត់ពិភពលោកអាចបង្កឱ្យមានការកើនឡើងនៃអត្រាកំណើតរបស់រុស្ស៊ី ដែលជាគោលដៅសំខាន់សម្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែរឬយ៉ាងណា លោកស្រី Tamara Pletnyova បានឆ្លើយតបថា "យើងគួរតែផ្តល់កំណើតដល់កូនជនជាតិយើងល្អជាង"៕

adverise with khmeread