អេស្ប៉ាញបណ្តេញគ្រូបង្វឹកមួយថ្ងៃមុនការប្រកួតវើលខាប់ដោយសារទទួលការងានៅក្លឹប Real Madrid

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Julen Lopetegui ត្រូវបានបណ្តេញចេញពីតំណែងនៅមុនការប្រកួតវើលខាប់តែបន្តិចប៉ុណ្ណោះ បន្ទាប់ពីធ្វើឲ្យសហព័ន្ធបាល់ទាត់អេស្ប៉ាញមិនសប្បាយចិត្ត ដោយសារទទួលយកការងារនៅក្លឹប Real Madrid ។

 

តាមដឹងថា ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales មិនសប្បាយចិត្ត បន្ទាប់ពីក្លឹប Real Madrid បញ្ជាក់ថា លោក Lopetegui គឺជាគ្រូបង្វឹកថ្មីរបស់ខ្លួន និងបញ្ជាក់ពីការចាកចេញរបស់លោក Lopetegui ។

 

លោក​ Rubiales បាននិយាយថា “យើងបង្ខំចិត្តបញ្ចប់កិច្ចព្រមព្រៀងរបស់យើងជាមួយលោក Julen Lopetegui ។ យើងត្រូវតែសម្រេចបណ្តេញគ្រូបង្វឹករូបនេះ ។ អ្វីដែលយើងសម្រេចបានមកដល់ទីនេះ គឺដោយសារការចូលរួមរបស់គាត់ ហើយយើងអរគុណគាត់និងជូនពរគាត់”។

 

លោកបន្តថា “ការយកឈ្នះគឺជារឿងសំខាន់។ មានគ្រូបង្វឹកល្អរឹតតែសំខាន់ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺធ្វើអ្វីមួយក្នុងផ្លូវត្រូវ”។

 

លោក Lopetegui បានចុះកិច្ចសន្យាថ្មីដើម្បីដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញរហូតដល់ឆ្នាំ២០២០ កាលពីថ្ងៃទី២២ខែឧសភា ប៉ុន្តែក្លឹប Real Madrid បានសន្យាផ្តល់ឲ្យច្រើនជាងនេះ ដើម្បីស្នងតំណែងគ្រូបង្វឹកបច្ចុប្បន្នលោក Zinedine Zidane ។

 

ព័ត៌មាននេះកើតត្រឹមតែមាន៤៨ម៉ោងមុនពេលក្រុមអេស្ប៉ាញត្រូវប្រកួតបើកឆាកជាមួយក្រុមព័រទុយហ្គាល់នៅក្នុងពូល B ហើយលោក Fernando Hierro ត្រូវបានតែងតាំងជំនួសលោក Lopetegui ។ លោក Lopetegui មិននិយាយជាមួយបណ្តាញសារព័ត៌មានទេ លុះត្រាលោកត្រឡប់ទៅដល់ប្រទេសអេស្ប៉ាញសិន៕

adverise with khmeread