កាមេរ៉ាជួយចាប់ចោរម្នាក់ លួចកាច់កញ្ចក់រថយន្តបានជាច្រើនខែ, រាប់ភ្លេច

​ភ្នំពេញ​ ៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យម្នាក់ដែលសកម្មខាងលួចកាច់កញ្ចក់រថយន្តយ៉ាងសកម្មរាប់ខែកន្លងមកទៅតុលាការនាព្រឹកថ្ងៃទី១៤ មិថុនានេះ​ បន្ទាប់ពីកម្លាំងជំនាញរបស់អាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរកឃើញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨​។ 

​មន្ត្រីអាវុធហត្ថនិយាយថា កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ម្នាក់ឈ្មោះ ហ៊ីង យ៉ាន់ណាវ ស្តីពីករណីចោរលួចកាច់កញ្ចក់រថយន្តរបស់គាត់ ម៉ាក ឡិចស៊ីស នៅចំណុចខាងក្រោយតារាង បាល់ទាត់ ឌីប្លូស្ព័តសិនធ័រ ស្ថិតនៅផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

​លុះរហូតដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់អាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរកឃើញ ជនសង្ស័យ ឈ្មោះ ចាន់ វុទ្ធី កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CT-3644 បម្រុងធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តមួយផ្សេងទៀតនៅចំណុចផ្លូវ១០០៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​។ 

​តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ចាន់ វុទ្ធី បានរៀបរាប់ថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តជាច្រើនរាប់ភ្លេច អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ហើយកញ្ចក់រថយន្តរបស់ឈ្មោះ ហ៊ីង យ៉ាន់ណាវ ដែលបានដាក់ពាក្យបណ្តឹងនៅអាវុធហត្ថឱ្យជួយស្រាវជ្រាវនោះ គឺពិតជារូបខ្លួនជាអ្នកលួចកាច់ពិតប្រាកដមែន៕


 

adverise with khmeread