ប្តី​ឃាត់​មិនឱ្យ​ធ្វើការ​នៅ​ក្លឹប,​ ប្រពន្ធ​អត់​ស្តាប់​ប្តី​ខឹង​ដាក់​គន្លឹះទ្វារ​ពីក្នុងម្តាយក្មេក​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ

​កំពង់ឆ្នាំង​ ៖​ ពីរនាក់ប្តីប្រពន្ធដែលព្យាយាមមិនប្រាប់ឈ្មោះ​ ត្រូវបានប៉ូលិសមូលដ្ឋានចុះជួយធ្វើអន្តរាគមន៍​ ដោយសារតែ​ប្រពន្ធ​មាន​ចរិត​ប្លែកៗ ហើយ​ដើរលេង​ផឹកស៊ី​បាត់ៗ​ពី​ផ្ទះ លែង​ខ្វល់ខ្វាយ​គិតគូរ​ពី​ប្តី និង​កូន​ដូច​ពី​ពេលមុន​ទៀត​នោះ បុរស​ម្នាក់​បាន​ប្រាប់​ប្រពន្ធ​ត្រូវ​​ឈប់​ទៅធ្វើ​ការ​នៅ​ក្លឹប​, តែ​ប្រពន្ធ​អត់​ស្តាប់ ធ្វើឱ្យ​ប្តី​ខឹង​ខ្ទាស់​គន្លឹះទ្វារ​ពីក្នុងបន្ទប់មិនឱ្យ​ចេញ​។​

​​ករណីនេះ​បានដឹង​ទៅដល់​ម្តាយក្មេក​ជា ម្តាយ​ខាង​ស្រី​​ហើយ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះមក​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​ក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង ក្នុងភូមិ​ទូល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​បន្ទប់​ជួល​នោះ​ហើយ​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​នេះ​កំពុងស្ថិត​នៅក្នុង​បន្ទប់​ជួល​ជាមួយគ្នា​។ ប៉ុន្តែ​ប្តី​បានដាក់​គន្លឹះ​ជាប់​ពី​ខាងក្នុង​មិនឱ្យ​ប្រពន្ធ​ចេញ​ក្រៅ​ឡើយ​។

​បុរសជា​ប្តី​​សូមមិនប្រាប់ឈ្មោះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា​ គាត់​មិនបាន​ចាក់សោបន្ទប់​បង្ខាំង​មនុស្សដូចដែលម្តាយក្មេកទៅប្តឹងប៉ូលិសនោះទេ។ គាត់គ្រាន់តែដាក់គន្លឹះពីខាងក្នុងហើយនៅក្នុងបន្ទប់ទាំងអស់គ្នា ដោយសារតែ​សារ​តែ​និយាយ​ប្រពន្ធ​មិន​ស្តាប់ រឿង​ឱ្យ​ឈប់​ទៅធ្វើ​ការ​នៅ​ក្លឹប​ជា​បន្តទៀត​តែប៉ុណ្ណោះ។ 

​បុរស​ជា​ប្តី​បាន​បញ្ជាក់ថា ក្រោយ​ប្រពន្ធ​របស់គាត់​ទៅធ្វើ​ការ​នៅ​ក្លឹបមួយរយៈ​នេះ ហាក់​មាន​ចរិត​ប្លែកៗ​ដើរ​ផឹកស៊ី​ជាមួយ​អ្នកផ្សេង​បាត់ៗ​ពី​ផ្ទះ​លែង​ខ្វល់ខ្វាយ​គិតគូរ​ពី​ប្តី​និង​កូនៗ​ដូច​មុន​ទៀតឡើយ​។ ​គាត់​មិនមែន​ដាច់ខាត​ថា​មិនឱ្យ​ទៅធ្វើ​ការងារ​នៅ​ក្លឹប​នោះទេ​។

​ប៉ុន្តែ​បើ​ទៅធ្វើ​ហើយ​ចប់​ម៉ោង​ការងារ​ត្រូវ​មក​ផ្ទះ​មើល​ថែកូន​មិនត្រូវ​ដើរ​បាត់ៗ​ទុកឱ្យ​គាត់​ទៅធ្វើ​ការងារ​សំណង់​ផង រត់​មក​មើល​កូន​ផង​នោះទេ​។ ​រីឯ​ស្ត្រី​ជា​ប្រពន្ធ​វិញ​មិនបាន​រៀបរាប់​អី​ច្រើន​ទេ និយាយ​តែ​ពី​រឿង​សុំ​លែង ព្រោះតែ​ប្តី​ពូកែ​រករឿង និង ប្រើ​ហិ​ង្សា​មកលើ​ខ្លួន​។​

​សមត្ថកិច្ច​បាន​ព្យាយាម​ធ្វើការ​សម្រប​ម្រួ​ល​និង​ពន្យល់​ពី​ផ្លូវច្បាប់ តែ​២​នាក់​ប្តី​ប្រពន្ធ​នេះ នៅតែ​មិនត្រូវ​គ្នា ព្រោះតែ​ប្រពន្ធ​សុំ​លែង ហើយ​ប្តី​មិន​ព្រម​លែង​។ ក្រោយពី​សម្របសម្រួល​មិនត្រូវ​សមត្ថកិច្ច​ក៏​នាំ​អ្នក​ទាំង​២​ទៅ​ដោះស្រាយ​គ្នា​បន្តទៀត​នៅ​អធិការដ្ឋាន​​ក្រុង​កំពង់ឆ្នាំង​៕

adverise with khmeread