អស្ចារ្យមែន! អ្នកវិទ្យាសាស្ត្រនៅប្រទេសក្រូអាស៊ី អាចបង្វឹកឃ្មុំឱ្យចេះហិតក្លិនគ្រាប់មីន ដែលចំណាយតិចនិងមានប្រសិទ្ធភាពជាងឆ្កែហិតក្លិន

អ្នកវិទ្យាសាស្ត្រម្នាក់និយាយថា ឃ្មុំដែលគេបង្វឹកឱ្យចេះហិតក្លិន ត្រូវបានយកទៅប្រើប្រាស់ជាលើកដំបូងដើម្បីស្វែងរកគ្រាប់មីននៅក្នុងតំបន់សង្គ្រាមក្នុងអតីតយូហ្គោស្លាវី។

ឃ្មុំហិតក្លិននេះបាននាំក្រុមបោសសម្អាតមីនទៅរកឃើញគ្រាប់បែកមិនទាន់ផ្ទុះជាច្រើននៅប្រទេសក្រូអាស៊ី ក្រោយពីពួកវាត្រូវបានបង្វឹកឱ្យចេះហិតក្លិនគ្រាប់មិនទាន់ផ្ទុះ។

ក្រុមអ្នកជំនាញនិយាយថា សត្វឃ្មុំអាចមានប្រសិទ្ធភាពជាងសត្វឆ្កែក្នុងករណីខ្លះ ដោយសារតែពួកវាអាចធ្វើការបានយូរជាង និងមានតម្លៃថោក។

ការប៉ុនប៉ងដើម្បីទទួលបានឃ្មុំដែលចេះហិតក្លិនគ្រាប់មិនទាន់ផ្ទុះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤។

ទោះយ៉ាងណា នេះគឺជាលើកទីមួយហើយដែលឃ្មុំបានទទួលជោគជ័យក្នុងការរកឃើញគ្រាប់មីន។

លោកបណ្ឌិត Ross Gillander រូបវិទូមកពីសាកលវិទ្យាល័យ St Andrews University បានជួយរចនាឧបករណ៍ដែលរកឃើញថាតើឃ្មុំកំពុងត្រឡប់ទៅសម្បុកវិញជាមួយនឹងដានគ្រឿងផ្ទុះល្អិតៗឬអត់។

នៅពេលបញ្ជាក់ថាមានដានគ្រឿងផ្ទុះ វីដេអូពីដ្រូនត្រូវបានគេប្រើដើម្បីកំណត់ទីកន្លែងដែលឃ្មុំចាប់យកដានគ្រឿងផ្ទុះនោះ។

លទ្ធផលជោគជ័យនៃការសាកល្បងដែលកំពុងប្រព្រឹត្តទៅនៅប្រទេសក្រូអាស៊ីនេះបានបង្ហាញថា គ្រាប់មីនបោះបង់ចោលរាប់លានគ្រាប់នៅជុំវិញពិភពលោកអាចនឹងត្រូវបានបោសសម្អាតបានលឿនជាងមុន និងអាចសង្គ្រោះជីវិតមនុស្សបានរាប់ពាន់នាក់។

ការធ្វើតេស្តជាក់ស្តែងដោយប្រើឃ្មុំបានចាប់ផ្តើមនៅក្នុងប្រទេសក្រូអាស៊ីកាលពីខែវិច្ឆិកាឆ្នាំមុនហើយត្រូវបានផ្តល់មូលនិធិដោយស្ថាប័នវិទ្យាសាស្ត្រសម្រាប់សន្តិភាពនិងសន្តិសុខរបស់អង្គការណាតូ។

លោកបណ្ឌិត Gillander បានបញ្ជាក់ថា សត្វឃ្មុំបានរកឃើញគ្រាប់មីននិងគ្រាប់រំសេវផ្សេងទៀតដែលបានបាត់បង់ក្នុងអំឡុងសង្គ្រាមរយៈពេល៤ឆ្នាំនៃការតស៊ូរបស់ក្រូអាស៊ីដើម្បីឯករាជ្យភាពពីយូហ្គោស្លាវី ដែលបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩១៕

adverise with khmeread