វេជ្ជបណ្ឌិតចិនម្នាក់នៅក្នុងខេត្តចឺជាំងភាគខាងកើតប្រទេសចិនត្រូវបានកាត់ទោសឱ្យជាប់គុក២ឆ្នាំកន្លះពីបទចម្លងវីរុសហ៊ីវដល់អ្នកជំងឺអេដស៍ចំនួន ៥ នាក់ដោយសារកំហុសឆ្គងក្នុងការវះកាត់។
សាលក្រមមួយ ដែលត្រូវបានចេញផ្សាយនៅតុលាការកំពូលប្រជាជនចិនបាននិយាយថា លោក Zhao Jinfang វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យចិនបុរាណចឺជាំងក្នុងទីក្រុងហាងចូវ បានប្រើប្រាស់បំពង់បឺតប្រើរួចដើម្បីបូមចេញនូវកោសិកា Lymphocyte កាលពីថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៦ ដែលបណ្តាលឱ្យស្ត្រី ៥ នាក់ឆ្លងមេរោគហ៊ីវ។ សារព័ត៌មាន Caixin បានរាយការណ៍កាលពីថ្ងៃចន្ទ ទី១១ មិថុនាថ្មីៗនេះ ថា ស្ត្រី២នាក់ក្នុងចំណោមនោះ គឺមានផ្ទៃពោះ។
អ្នកជំងឺម្នាក់បានប្រាប់មន្ទីរពេទ្យខាងលើនៅថ្ងៃទី ២៤ ខែមករាឆ្នាំ ២០១៧ ថា ប្តីរបស់នាងមានមេរោគអេដស៍មុនពេលឱ្យគេបូមឈាម។ សាលក្រមបាននិយាយថា ស្វាមីរបស់នាងត្រូវបានរកឃើញថាផ្ទុកមេរោគអេដស៍នៅខែធ្នូ ឆ្នាំ ២០១៦ បន្ទាប់ពីរួមភេទជាមួយ "មិត្តភក្តិ" ។
បន្ទាប់មកលោក Zhao Jinfang បានជូនដំណឹងដល់មន្ទីរពេទ្យពីការរំលោភបំពានរបស់គាត់នៅថ្ងៃដដែលនោះ មុននឹងប្រគល់ខ្លួនទៅប៉ូលិសចាប់។
តុលាការប្រជាជនសង្កាត់សាងចេង ក្នុងក្រុងហាងចូវ និយាយថា លោក Zhao Jinfang ដែលសារភាពទោសកំហុស គួរតែទទួលទោសស្រាល។ លោក Zhao Jinfang ត្រូវបានកាត់ទោសឱ្យជាប់គុក ២ឆ្នាំកន្លះ សម្រាប់ការអនុវត្តការវះកាត់ខុសបច្ចេកទេស នៅថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៧។
អ្នកលេងអ៊ីនធឺណេតចិនភាគច្រើននិយាយថា ទោសនេះគឺស្រាលពេកហើយ និងអំពាវនាវឱ្យដាក់ទោសលោក Zhao Jinfang ឱ្យធ្ងន់ធ្ងរជាងនេះ ចំពោះការបំផ្លាញជីវិតមនុស្ស ៥ នាក់។
លោក Ruan Qilin សាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់របស់ចិន និយាយថា ការកាត់ទោសនេះគឺសមហេតុផល។
លោកនិយាយប្រាប់កាសែត Global Times ថា "លោក Zhao ជាវេជ្ជបណ្ឌិត ដែលជាការងារស្របច្បាប់។ ហើយអ្វីដែលលោកចាវបានធ្វើគឺគ្មានចេតនាឡើយ"។ លោកនិយាយថា ការដាក់ទោសនឹងធ្ងន់ធ្ងរបំផុត ប្រសិនបើលោកចាវមានចេតនារំលោភបំពានលើដំណើរការវះកាត់៕
