ភោជនីយដ្ឋានចិនមួយបើកបាន២សប្តាហ៍រលំគ្រេង ដោយសាររូបមន្តប្រូម៉ូសិនពិសេស "ញ៉ាំអីញ៉ាំទៅ អស់តែ ១៩ ដុល្លារទេ!"

ភោជនីយដ្ឋានមួយនៅភាគនិរតីប្រទេសចិនបានរលំក្ស័យធនក្នុងរយៈពេលមិនដល់ពីរសប្តាហ៍បន្ទាប់ពីពួកអតិថិជនបានទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសដែលអនុញ្ញាតឱ្យពួកគេបង់ប្រាក់ ១២០ យ័ន (១៩ ដុល្លារ) ដើម្បីញ៉ាំអ្វីក៏ញ៉ាំទៅ សម្រាប់រយៈពេលមួយខែពេញ។

យោងតាមវេបសាយ ​​Chengdu Economic Daily កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ភោជនីយដ្ឋាន Jiamener ស្ថិតនៅទីក្រុង Chengdu ខេត្ត Sichuan បានបិទទ្វារកាលពីថ្ងៃអង្គារទី១២មិថុនា បន្ទាប់ពីមានប្រជាប្រិយភាពខ្លាំងចាប់ពីថ្ងៃទី ១ ខែមិថុនា នៅពេលដែលអតិថិជនចាប់ផ្តើមប្រើប្រាស់ការបញ្ចុះតម្លៃពិសេស ដែលផ្តល់ឱ្យតាមរយៈកាតសមាជិក។

វេបសាយខាងលើបានឱ្យដឹងថា ការចំណាយខ្ជាំងៗរបស់ភោជនីយដ្ឋាននេះឱ្យទៅភោជនីយដ្ឋានដទៃនិងហាងផ្សេងៗទៀតដើម្បីជួយសម្រួលឱ្យមានលំហូរអតិថិជនចូលមកហាងខ្លួន បានបណ្តាលឱ្យភោជនីយដ្ឋាននេះជំពាក់បំណុលគេ ចំនួន ៥០០.០០០ យ័ន (៧៨.០០០ ដុល្លារ) ។

ម្ចាស់ម្នាក់ត្រូវបានដកស្រង់សម្តីដោយនិយាយថា "យើងដឹងថាយើងនឹងខាតបង់លុយ [ដោយចាប់ផ្តើមការបញ្ចុះតម្លៃ]។ ប៉ុន្តែយើងចង់ប្រមូលអតិថិជនស្មោះត្រង់ឱ្យបានច្រើនតាមរយៈយុទ្ធសាស្ត្រនេះ"។

ភោជនីយដ្ឋាននេះសង្ឃឹមផងដែរថានឹងទទួលបានឋានៈរឹងមាំក្នុងការដោះស្រាយជាមួយអាជីវកម្មផ្សេងទៀត។ ពួកគេនិយាយថា "ឧទាហរណ៍ប្រសិនបើខ្ញុំមានអតិថិជនច្រើនហើយពួកគេភាគច្រើនចូលចិត្តផឹកស្រាបៀរ ដូច្នេះខ្ញុំត្រូវនាំចូលស្រាបៀរបញ្ចុះតម្លៃជាច្រើន"។

ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ភោជនីយដ្ឋានមានអតិថិជនជាង ៥០០ នាក់ក្នុងមួយថ្ងៃ ជាមួយអតិថិជនខ្លះឈរតម្រង់ជួរតាំងពីម៉ោង ៨ ព្រឹកដល់ពាក់កណ្តាលយប់។

វេបសាយខាងលើរាយការណ៍ថា ម្ចាស់ម្នាក់ឈ្មោះស៊ូជីបាននិយាយថា ក្នុងរយៈពេល២សប្តាហ៍ "ដ៏ឆ្កួតនេះ" គាត់ដេកតែពីរទៅបីម៉ោងក្នុងមួយយប់ប៉ុណ្ណោះ ហើយបុគ្គលិកម្នាក់ៗធ្វើការលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ។

ប៉ុន្តែលោកស៊ូជី ដែលមានគំនិតបើកភោជនីយដ្ឋាននេះតាំងពីខែធ្នូជាមួយមិត្តភក្តិមហាវិទ្យាល័យរបស់គាត់ ឈ្មោះ វ៉ាង ម៉េងហ្វាន បានសារភាពថា "ឥរិយាបថមិនស៊ីវិល័យរបស់អ្នកហូបចុកគឺជារឿងបន្ទាប់បន្សំ តែបញ្ហាចម្បងគឺមកពីយើងគ្រប់គ្រងមិនបានល្អ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត