នៅវៀតណាម កង់ផលិតចេញពីឫស្សី

ជាមួយសញ្ញាប័ត្រអនុបណ្ឌិតផ្នែកឧស្សាហកម្មរថយន្ដពីសាកលវិទ្យាល័យស្ទូតហ្គាតក្នុងប្រទេសអាល្លឺម៉ង់ លោក Pham Minh Tri បានវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ក្នុងការផលិតកង់ចេញពីឫស្សី ដោយប្រើបច្ចេកទេសដែលគាត់បានរៀនសូត្រពីបរទេស។

លោក Pham Minh Tri តែងសង្ឃឹមថានឹងត្រឡប់មកប្រទេសកំណើតវិញដើម្បីរួមចំណែកកសាងអនាគតពណ៌បៃតង ស្អាត និងស្រស់សោភាសម្រាប់មនុស្សជំនាន់ក្រោយ។ ហើយគាត់មានគំនិតមួយអំពីកង់ឫស្សីនិងបំណងប្រាថ្នាធ្វើឱ្យវាក្លាយជាការពិត។ គាត់បានចាប់ផ្តើមធ្វើការស្រាវជ្រាវស្ងាត់ៗបន្ថែមទៀតអំពីឫស្សី ហើយបន្ទាប់ពី ៨ ខែគាត់បានដឹងពីសក្តានុពលដែលលាក់នៅក្នុងដើមឫស្សីដ៏សាមញ្ញ។

យោងតាមលោក Pham Minh Tri កត្តាសំខាន់បំផុតរបស់កង់គឺសុវត្ថិភាព។ គាត់បានជ្រើសរើសយកឫស្សីដ៏ល្អបំផុតសម្រាប់ផលិតកម្ម។ ជាមួយរចនាសម្ព័ន្ធសរសៃឈើដ៏រឹងមាំ ឫស្សីមានសមត្ថភាពគួរឱ្យចាប់អារម្មណ៍ក្នុងការទ្រាំទ្រនឹងសម្ពាធ ការពត់កោង និង ការកាច់។ លក្ខណៈពិសេសនេះអនុញ្ញាតឱ្យកង់ធ្វើពីឫស្សីកាត់បន្ថយរំញ័រខណៈកំពុងជិះកង់ ជាពិសេសក្នុងករណីផ្លូវគ្រហ៊ុក ដែលអាចកាត់បន្ថយគ្រោះថ្នាក់និងហានិភ័យសម្រាប់អ្នកជិះ ជាពិសេសសម្រាប់កុមារ៕ 

adverise with khmeread