ទិញថ្នាំញៀនពីវាលខ្សាច់ផ្លូវ៦០ម៉ែត្រ មកលក់បន្តត្រូវប៉ូលិសស្រុកស្អាងវ៉ៃខ្នោះ

​កណ្តាល ៖​ ប៉ូលិសស្រុកស្អាងបានឃាត់បុរសម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទី ល្ងាចនៅចំណុច ផ្ទះរបស់ឈ្មោះ មួន ណនភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ មួន ណន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល​។ (ជនសង្សយ ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០២លើក ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)​។

​វត្ថុតាងចាប់យករួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ, ២. សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន​។

​ប៉ូលិសបន្តថា​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ​។ ភ្លាមនោះកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍ខ្ពប​, ក្រុមប្រឹក្សាឃុំ និងលោកមេភូមិរកាលើ បានចុះដល់ចំណុចកើតហេតុ​។ ប៉ុន្តែជនសង្ស័យឈ្មោះ មួន ណន បានឃើញសមត្ថកិច្ច រួចរត់ទៅទិសខាងលិច​។

​ភ្លាមនោះសមត្ថកិច្ច បានដេញតាមឃាត់ខ្លួនបាន រួមនឹងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ ដែលជនសង្ស័យ ទម្លាក់ចោលនៅគុម្ពចេក​។

​បន្ទាប់មកសមត្ថកិច្ច បានបន្តទៅធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្ស័យ បានរកឃើញសម្ភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួន នៅក្នុងផ្ទះ​។

​នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ មួន ណន បានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ តម្លៃ១.០០០.០០០រៀល (មួយលានរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង០១កញ្ចប់ តម្លៃ ១៥$​។

​បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី​៕


 

adverise with khmeread