អ្នកតវ៉ាមុខទូតអាមេរិកថា «ប្រសិនគ្មានដំណោះស្រាយពួកគាត់នឹងប្តឹងទៅតុលាការ»

​ភ្នំពេញ​ ៖​ អតីតៈបុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ដែល​បាន​បញ្ឈប់​ពី​ការងារ​ចំនួន​៣២​នាក់ បាននាំគ្នាតវ៉ា​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​គោល​បំណង​​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​អំពី​ការបញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​បង្ខំ​។

​ការតវ៉ា​មុខ​ស្ថានទូត​អាមេរិក​នេះ គឺមាន​ការអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​ហើយ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​មានការ​ហែរ​ក្បួន​នោះទេ​។​

​យោងតាម​លិខិត​ស្នើសុំ​តវ៉ា​របស់​អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមិថុនា បាន​ឱ្យដឹងថា​​ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ពួកគាត់​នឹងធ្វើ​ការតវ៉ា​រក​យុត្តិធម៌​ដោយ​អហិង្សា​នៅមុខ​ស្ថានទូត​អាមេរិក​ទាមទារ​លក្ខខណ្ឌការងារ​មួយចំនួន​គឺ​ ​១-ទាមទារ​រក​យុត្តិធម៌​ពី​ការបញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភស្តុតាង​​​, ២-ទាមទារ​កែ​ពាក្យ​ពី​បណ្តេញចេញ​មកជា​ការកាត់បន្ថយ​បុគ្គលិក​វិញ​, ៣-សូម​ប្តឹង​ពីបទ​ល្មើស​រំលោភសិទ្ធិ​បុគ្គល​ដោយ​ដកហូតយក​ទូរស័ព្ទ​ទៅ​ឆែក​រកមើល​រូបភាព ​និង​ឯកសារ​ផ្សេងៗ ព្រមទាំង​រឹបអូស​យក​ទូរស័ព្ទ​មួយចំនួន​ទៅ​រក្សាទុក​មួយរយៈ​ទៀតផង​, ៤-ទាមទារ​សំណង​៦​ខែ​​ទៅ​តាម​​ច្បាប់​​កាត់បន្ថយ​បុគ្គលិក​, ៥-សូម​ទូទាត់​លុយ​មូលនិធិ​ឧបត្ថម្ភ (​ប្រាក់​១២​ភាគរយ​) ក្នុង​ខែ​នេះ​តែម្តង ព្រោះ​រយៈ​ពេល​បី​ខែ​មកហើយ មិនទាន់​ទូទាត់​ឱ្យ​ទេ​, ៦-សូម​ប្តឹង​ទាមទារ​សំណង​លើ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ ​និង​កិត្តិយស​ដោយសារតែ​ការចោទប្រកាន់​គ្មាន​ភស្តុតាង​ និង៧.​សូមឱ្យ​សហគមន៍​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​រាល់​បញ្ហា​ការបញ្ឈប់​បុគ្គលិក​ខ្មែរ ដែលមាន​ភាពអយុត្តិធម៌ និង​មិន​ត្រឹមត្រូវ​តាមច្បាប់​នៃ​សៀវភៅ​ការងារ​។

​ពួកគាត់និយាយថា «ប្រសិនគ្មានដំណោះស្រាយពួកគាត់នឹងប្តឹងទៅតុលាការ»៕

adverise with khmeread