ចាប់ចិន១០នាក់ព្រួតវាយចិន២នាក់របួសធ្ងន់នៅកាស៊ីណូញូហ្គោលដេនវេលស៍

​ព្រះសីហនុ ៖ ប៉ូលិសខេត្តព្រះសីហនុ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ បង្ក្រាបបានភ្លាមៗ ករណីជនជាតិចិនមួយក្រុមចំនួន១០នាក់ ដែលព្រួតគ្នាប្រើអំពើហិង្សាទៅលើជនជាតិចិនដូចគ្នា (ជនរគ្រោះ) ២នាក់ នៅចំណុច ញូហ្គោលដេនវេលស៍កាស៊ីណូ (មុខភោជនីយដ្ឋានសាន្តសាន្ត​) ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

​ក្រោយបក្ខពួកជនសង្ស័យចាប់ជនរងគ្រោះទាំង២វាយធ្វើបាបរួចហើយចាប់ដាក់ក្នុងរថយន្តធ្វើទារុណកម្មរហូតដល់សន្លប់ បម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវប៉ូលិសចេញ ប្រតិបត្តិការបង្ក្រាបបាននៅផ្លូវអូរ១ កាលពីម៉ោង១រសៀលថ្ងៃ១៩ មិថុនា ២០១៨នេះ។

​ក្រោយបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋានប៉ូលិសខេត្ត ដើម្បីស្រាវជ្រាវរកដើមហេតុនិងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់។  រីឯជនរងគ្រោះទាំង២ដែលរងរបួសធ្ងន់ដោយអំពើហិង្សាពីក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅកាន់មន្ទីរពេទ្យភ្លាមដែរ ដើម្បីឱ្យគ្រូពេទ្យព្យាបាល​។

​ករណីនេះប៉ូលិសអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អាជ្ញាធរនិងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់​។ ​ប៉ុន្តែជនបរទេសរូបណាទោះជាជនជាតិអ្វីក៏ដោយដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អាជ្ញាធរនិងសមត្ថកិច្ច មិនលើកលែងឡើយ៕


 

adverise with khmeread