វាយប្លន់យកម៉ូតូហុងដា០១៨បានសម្រេច ម្ចាស់ម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនពីរនាក់ ត្រូវជនសង្ស័យមួយក្រុមជីះម៉ូតូ៥ទៅ៦គ្រឿង មានគ្នាប្រហែល១០នាក់ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដា ឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មួយគ្រឿងបានសម្រេច បណ្ដាលឱ្យជនរងគ្រោះ រងរបួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល​។ 

​ករណីនេះ បានកើតឡើង នៅវេលាម៉ោង​៣ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅមុខផ្ទះសំណាក់342 តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រឹទ្ធ ​ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ។ (រងរបួសបញ្ជូនទៅមន្ទីរពេទ្យ) និងម្នាក់ទៀតឈ្មោះ ដារ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅម្ដុំផ្សារសូឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ 

​ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់បាន ទី១.មានឈ្មោះ គង់ ម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបជាងឡានស្នាក់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ អូឌ័រ ខារ៉ាអូខេអឹមភារៀ ម្ដុំផ្សាយដីហ៊ុយ។ ម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់យកទៅបាត់នោះម៉ាក ហុងដាឌ្រីមសេរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ។

​តាមការរៀបរាប់របស់ជនរងគ្រោះដែលជិះម៉ូតូជាមួយគ្នាបានឱ្យដឹងថា មុនពេលកើតហេតុរូបគេនិងមិត្តភក្តិ (​ម្ចាស់ម៉ូតូ) ទើបតែចេញពីហូបអីនៅម្ដុំមុខសាលាសាមគ្គី ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ បំណងទៅផ្ទះសង្សារនៅភូមិព្រែកទាល់។  

​ប្រភពបានបន្តថា ពេលដែលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿងមកពីក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូតែម្ដង បណ្ដាលឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

​បន្ទាប់ពីកើតហេតុភ្លាមៗកម្លាំងប៉ុស្ដិ៍ទំនប់ទឹកនៃអធិការដ្ឋានខណ្ឌចំកាមនធ្វើការប្រដេញចាប់បានបក្ខពួកជនសង្ស័យចំនួនពីរនាក់ និងដកហូតម៉ូតូម៉ាកស៊ុយស៊ូគីឡែត មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញGT-8765 យកមកសួរនាំ។ 

​ក្រោយពីសួរនាំសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកបានប្រគល់ជនសង្ស័យឱ្យទៅកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីបន្តនីតិវិធីច្បាប់៕

adverise with khmeread