Jack wilshere បញ្ជាក់ថា នឹងចាកចេញពី Arsenal បន្ទាប់ពីចំណាយពេលអស់១៧ឆ្នាំ

កីឡាករ​ Jack Wilshere បាន​បញ្ជាក់ថា ទំនាក់ទំនងអស់រយៈពេល​​១៧​ឆ្នាំ​ជាមួយក្លឹប Arsenal បាន​ឈាន​ដល់ទីបញ្ចប់ហើយ។

ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​សម្រេចចិត្ត​ចាកចេញ​ពីក្លឹបនេះ បន្ទាប់ពី​គ្រូបង្វឹក​ថ្មីលោក Unai Emery បាន​ប្រាប់​ថា មិន​ហ៊ាន​ធានា​ឱកាសបង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូង​ទេ។

        ដោយ​សរសេរនៅលើបណ្តាញសង្គម Instagram ដើម្បី​ពន្យល់​ពីការ​សម្រេចចិត្ត​ទាំង​អាឡោះអាល័យចំពោះអ្នក​គាំទ្រ​ក្រុម​កាំភ្លើងធំ​ Wilshere បានសរសេរថា “​ខ្ញុំ​អាចបញ្ជាក់ថា ខ្ញុំនឹងចាកចេញពី​ក្លឹប Arsenal នៅ​ពេល​ចប់កិច្ច​សន្យា​នៅ​ដំណាច់ខែមិថុនានេះ។ បន្ទាប់ពី​ការ​ចរចាដ៏អូសបន្លាយនិង​ក្នុងជំនួប​នាពេលថ្មីៗជាមួយគ្រូបង្វឹកលោក Unai Emery ខ្ញុំមាន​អារម្មណ៍​ថា ខ្ញុំ​នៅ​សល់​ជម្រើស​តិច​តួច​ណាស់ ប៉ុន្តែ​ខ្ញុំធ្វើ​ការ​សម្រេចចិត្ត​នេះ​ដោយ​ហេតុ​ផល​បាល់ទាត់​សុទ្ធសាធ”។

        Wilshere បន្តថា “​ខ្ញុំ​ជឿថា គ្រប់គ្នាអាចយល់ពីបញ្ហា​នេះក្នុង​ឆាកជីវិត​និង​អាជីព​ដែលខ្ញុំ​ត្រូវ​ការ​បង្ហាញមុខក្នុងក្រុមជម្រើស​ដំបូង​ ហើយ​បន្ទាប់ពី​ជួប​ជាមួយ​លោក Emery ខ្ញុំមាន​អារម្មណ៍​ថា វាពិបាក​នឹងធ្វើបែបនេះ​នៅ​ក្លឹប​ Arsenal”៕

adverise with khmeread