តាំងខ្លួនធ្វើបងធំកាប់គេឱ្យរបួសត្រូវប៉ូលិសវ៉ៃខ្នោះបាន២នាក់

​ក្រចេះ​ ៖​ មាន ករណីប្រើអំពើ ហិង្សាដោយចេតនាកើតឡើង​ នាថ្ងៃទី​២១ មិថុនា ២០១៨ ម៉ោង​១១ និង៣០នាទី នៅ ចំណុចក្បែរភោជនីយដ្ឋានវិមានទិព្វ ២ធ្នូ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប៉ូលិសចាប់ខ្លួនបាន២នាក់នាថ្ងៃទី២២ មិថុនា​ និងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យ២នាក់ទៀត​​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ សាក់ ម៉េងទ្រី ភេទប្រុស អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ​។

​ចំណែកជនសង្ស័យឈ្មោះ ជីវ ជាតិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និង ជនសង្ស័យឈ្មោះ ឡេង សាវ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ពួកគេទាំងពីរនាក់រស់នៅភូមិល្មូត ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

​ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១ និង៣០នាទីយប់ ពេលដែលជនរងគ្រោះ និងមិត្តភក្តិប្រាំពីរនាក់ទៀត បានជិះម៉ូតូពីរគ្រឿង ចេញមកពីមើលខនស៊ឺតនៅមុខតារាងបាល់ ស្រុកស្នួល​។ 

​លុះពេលជិះទៅដល់ចំណុចក្បែរ ភោជនីយដ្ឋានវិមានទិព្វ ២ធ្នូ ត្រូវបានជនសង្ស័យ ចំនួន០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង បានជិះដេញវាយ មកលើ ជនរងគ្រោះ និង មិត្តភក្តិរបស់គេ តែត្រូវមិត្តភក្តិជនរងគ្រោះរត់គេចខ្លួនទាន់​។ 

​ប៉ុន្តែជនរងគ្រោះ រត់គេចខ្លួនមិនទាន់ ត្រូវបានក្រុមជនសង្ស័យ វាយមកលើជនរងគ្រោះ រងរបួសជាច្រើន កន្លែង បន្ទាប់មកក្រុមជនសង្ស័យបានជិះម៉ូតូ រត់គេចខ្លួនបាត់ ហើយមានម្នាក់ក្នុងចំណោមជនសង្ស័យទាំងនោះ បានជ្រុះទូរស័ព្ទមួយគ្រឿង នៅកន្លែងកើតហេតុ ពេលធ្វើសកម្មភាព​។ 

​លុះមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរាយការណ៍ក៏បានសហការជាមួយកម្លាំងប៉ុស្ដិ៍ ឃុំ២ធ្នូ ធ្វេការីឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជីវ ជាតិ និង ជនសង្ស័យឈ្មោះ ឡេង សាវ័ន្ត យកមកអធិការដ្ឋានស្រុកស្នួល ដើម្បីធ្វើការសាកសួរ ហើយជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិត និង ដែកបំពង់ទីប វាយលើជនរងគ្រោះពិតប្រាកដមែន​។

​បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋានស្រុក រីឯបក្ខពួកចំនួនពីរនាក់ទៀត (មិនទាន់កំណត់អត្តសញ្ញាណបាន) បានរត់គេចខ្លួន  ហើយកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅជំនាញខេត្តបន្តតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab