adverise with khmeread 6 types of nutrients

សារធាតុចិញ្ចឹម ៦ ប្រភេទ ដែលរាងកាយរបស់អ្នកត្រូវការចាំបាច់

នៅពេលអានរាល់អត្ថបទអំពីចំណីអាហារ និងរបបអាហារនីមួយៗ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថារាងកាយមនុស្សត្រូវការសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដើម្បីបំពេញមុខងារឲ្យបានស្រួល។ ដរាបណាលោកអ្នកជាអ្នកតមអាហារ អ៊ីចឹងអ្នកប្រហែលជាមិនដឹងថាសារធាតុចិញ្ចឹមប្រភេទណាទេដែលរាងកាយរបស់អ្នកគួរតែមានចាំបាច់រាល់ថ្ងៃ។ គ្រប់អាហារទាំងអស់ផ្ទុកនូវសារធាតុចិញ្ចឹមចំនួនបី តែទោះយ៉ាងណាការទទួលទានបន្លែ និងផ្លែឈើច្រើនរៀងរាល់ថ្ងៃនឹងផ្តល់ឲ្យអ្នកនូវសារធាតុចិញ្ចឹមចាំបាច់ច្រើនជាងនេះទៅទៀត។ ហេតុអ្វីបានជាសារធាតុចិញ្ចឹមទាំងនេះមានសារៈសំខាន់ម៉្លេះចំពោះសុខភាពរបស់យើង? ជាទូទៅ កង្វះសារធាតុចិញ្ចឹមនាំឲ្យកើតជំងឺធ្ងន់ធ្ងរជាច្រើន រួមមានជំងឺបេះដូង និងជំងឺមហារីក។ ខាងក្រោមនេះគឺជាប្រភេទសារធាតុចិញ្ចឹមសំខាន់ៗបំផុត ដែលអ្នកចាំបាច់ត្រូវទទួលទានឲ្យបានទៀងទាត់។ 

១- វីតាមីន
យើងទាំងអស់គ្នាដឹងថាវីតាមីនមានសារៈសំខាន់ចំពោះសុខភាពរបស់យើង ប៉ុន្តែអ្នកប្រាកដទេថាអ្នកបានទទួលវីតាមីនគ្រប់គ្រាន់? កង្វះវីតាមីនណាមួយអាចនឹងបំផ្លាញសុខភាពរបស់អ្នកក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ដែលហេតុនេះហើយទើបបានជាអ្នកគួរទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនយ៉ាងហោចក៏ម្តងក្នុងមួយថ្ងៃដែរ។ ឧទាហរណ៍ កង្វះវីតាមីន B12 អាចបង្កឲ្យកើតជំងឺសរសៃប្រសាទជាអចិន្ត្រៃយ៍ ឬខូចខួរក្បាល។ កង្វះវីតាមីន A អាចបំផ្លាញសុខភាពភ្នែករបស់អ្នក ខណៈកង្វះវីតាមីន C អាចនាំទៅដល់ការចុះខ្សោយប្រព័ន្ធភាពស៊ាំ និងពុកធ្មេញជាដើម។ វីតាមីនក៏មានសារៈសំខាន់ចំពោះស្បែក សក់ ក្រចក និងភ្នាសកោសិការបស់អ្នកផងដែរ។   

២- សារធាតុកាបូន
ប្រសិនបើអ្នកកំពុងព្យាយាមបញ្ចុះទម្ងន់ ឬអ្នកចង់រក្សារាងឲ្យស្អាត អ៊ីចឹងអ្នកប្រហែលជាជឿថា សារធាតុកាបូនគឺជាសត្រូវដ៏អាក្រក់បំផុតរបស់អ្នកហើយ ប៉ុន្តែវាមិនមែនជាការពិតនោះទេ។ ពួកអ្នកតមអាហារប្រឈមនឹងបញ្ហាសុខភាពជាច្រើនដោយសារតែកង្វះសារធាតុកាបូនអ៊ីត្រាតដោយសារតែជំនឿមួយនេះ។ ជាតិស្ករក្នុងរុក្ខជាតិ ស្ករដែលមាននៅក្នុងទឹកផ្លែឈើនិងទឹកឃ្មុំ គ្លុយកូស គ្រាប់ធុញ្ញជាតិគឺសុទ្ធតែជាប្រភពនៃសារធាតុកាបូន។ 

៣- សារធាតុរ៉ែ
ផូស្វ័រ, ប៉ូតាស្យូម, ជាតិដែក, កាល់ស្យូម, អ៊ីយ៉ូត, ភ្លុយអរីន, ម៉ាញ៉េស្យូម និងសូដ្យូមគឺស្ថិតក្នុងចំណោមសារធាតុរ៉ែសំខាន់បំផុត ដែលអ្នកគួរទទួលទានឲ្យបានច្រើនដើម្បីរក្សាឲ្យសុខភាពល្អ។ ផូស្វ័រសំខាន់សម្រាប់ប្រព័ន្ធប្រសាទ ឆ្អឹង និងធ្មេញរបស់អ្នក ខណៈប៉ូតាស្យូមសំខាន់សម្រាប់ការបំពេញមុខងារជាលិកា កោសិកា និងសរីរាង្គក្នុងរាងកាយរបស់អ្នកឲ្យបានស្រួល។ ជាតិដែកជួយរក្សាសុខភាពខួរក្បាលរបស់អ្នកក៏ដូចជាជួយរក្សាកោសិកា និងកម្រិតថាមពលរបស់អ្នក ហើយសូដ្យូមគឺត្រូវការចាំបាច់សម្រាប់សម្រួលដល់អង្គធាតុរាវនៅក្នុងរាងកាយរបស់អ្នក។ សូមឃ្លាំមើលការទទួលទាននូវសារធាតុរ៉ែរបស់អ្នកដើម្បីរក្សាសុខភាពឲ្យនៅល្អ និងរក្សាផលិតភាពពេញមួយថ្ងៃ ហើយក៏ធ្វើឲ្យអ្នកទទួលទានដំណេកពេលរាត្រីបានសុខស្រួលផងដែរ។ 

៤- ជាតិខ្លាញ់
ការចៀសវាងជាតិខ្លាញ់គឺជាកំហុសមួយទៀត ដែលអ្នកតមអាហារបានប្រព្រឹត្ត។ ខ្លាញ់ល្អដល់សុខភាពជាច្រើន ដូចជា ខ្លាញ់អូមេហ្គាបី (omega-3) ជាដើមគឺសំខាន់ណាស់។ រាងកាយរបស់អ្នកត្រូវការខ្លាញ់ដែលមានសុខភាពល្អដើម្បីដឹកជញ្ជូន ផ្ទុក និងស្រូបយកវីតាមីន A, E, D, និង K។ ពេលចំអិនអាហារត្រូវប្រាកដថាអ្នកប្រើប្រាស់ខ្លាញ់ដែលចម្រាញ់ពីធម្មជាតិ ដូចជា ប្រេងអូលីវ ប្រេងពោត ឬប្រេងចម្រាញ់ពីដើមធ្មៃជាដើម។ នៅពេលនិយាយដល់ខ្លាញ់ចម្រាញ់ពីសត្វ វាសំខាន់ណាស់ដែលត្រូវទទួលទានវាក្នុងកម្រិតមធ្យម ព្រោះការដែលទទួលទានវាច្រើនពេកអាចបណ្តាលឲ្យកើតជំងឺជាច្រើន ដូចជា ជំងឺបេះដូង ស្ត្រូក និងមហារីក។ល។

៥- ប្រូតេអ៊ីន
ស៊ុត សាច់ ឈីស (Cheese) ត្រី តៅហ៊ូ បន្លែក្រៀម សណ្តែក ទឹកដោះគោជូរ គ្រាប់ធុញ្ញជាតិ និងគ្រាប់ផ្លែឈើគឺសុទ្ធតែជាប្រភពដ៏ល្អនៃជាតិប្រូតេអ៊ីន។ ប្រូតេអ៊ីនជួយជួសជុលកោសិកាប្រសាទដែលខូច ដើរតួនាទីសំខាន់ក្នុងដំណើរការព្យាបាលផ្សេងៗ ជួយដល់ការសម្រកទម្ងន់ រក្សាកម្រិតថាមពលឲ្យនៅខ្ពស់ និងរក្សាក្រចកព្រមទាំងសក់របស់អ្នកឲ្យមានសុខភាពល្អ។ ទទួលទានអាហារសម្បូរប្រូតេអ៊ីនពីរដងក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ល្មមដើម្បីរក្សាឲ្យសុខភាពល្អ និងរូបសម្រស់ស្រស់ថ្លា។ 

៦- ជាតិហ្វាយបឺ (Fiber)
ជាតិហ្វាយបឺជួយកាត់បន្ថយកូឡេស្ទើរ៉ូល ទប់ស្កាត់ជំងឺទឹកនោមផ្អែម ការទល់លាមក និងជួយឲ្យចលនាពោះវៀនល្អប្រសើរឡើង។ ស្ត្រីគួរទទួលទានជាតិហ្វាយបឹ ២៥ ក្រាមក្នុងមួយថ្ងៃ ខណៈបុរសគួរទទួលទានយ៉ាងតិច ៣៨ ក្រាមក្នុងផែនការទទួលទានអាហាររបស់ពួកគេ។ ម្ហូបអាហារដែលសម្បូរជាតិហ្វាយបឺបំផុតមួយចំនួនមានដូចជាអង្ករសម្រូប សណ្តែក គ្រាប់ធុញ្ញជាតិសុទ្ធ គ្រាប់ផែ្លឈើ ពោតលីង ផ្លែបឺរី (Berry) ម៉្សៅអាវ័ន បន្លែ ផ្លែឈើ និងគ្រាប់ផ្លែឈា (Chia)។ 

ការភ្លេចតាមដានការបំពេញបង្គ្រប់សារធាតុចិញ្ចឹមរបស់អ្នកអាចកើតឡើងយ៉ាងងាយ ជាពិសេសប្រសិនបើអ្នករស់នៅក្នុងបែបផែនជីវិតដ៏មមាញឹក និង ប្រកាន់ខ្ជាប់ទៅនឹងរបបអាហរដែលមិនល្អដល់សុខភាព។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ ឬអ្នកឧស្សាហ៍អស់កម្លាំង និងគេងមិនលក់ ត្រូវធ្វើឲ្យប្រាកដថាអ្នកទៅជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យមើលថាតើអ្នកមានកង្វះសារធាតុចិញ្ចឹមណាមួយឬក៏អត់។ វេជ្ជបណ្ឌិតភាគច្រើនអះអាងថា បញ្ហាសុខភាពភាគច្រើនកើតឡើងដោយសារតែកង្វះសារធាតុចិញ្ចឹម ដូច្នេះសូមពិចារណាអំពីផែនការអាហាររបស់អ្នកជាថ្មីម្តងទៀត។ តើអ្នកធ្លាប់ដោះស្រាយជាមួយនឹងបញ្ហាកង្វះសារធាតុចិញ្ចឹមណាមួយដែរឬទេ? 

adverise with khmeread

មតិយោបល់