adverise with khmeread 5 study habits

ទម្លាប់សិក្សាចំនួន ៥ ដែលអ្នកគួរអនុវត្តតាម

ទម្លាប់សិក្សាដ៏មានប្រសិទ្ធភាពគឺជារឿងសំខាន់ណាស់សម្រាប់ទប់កុំឲ្យកើតស្ត្រេស៍ ជាពិសេសនៅពេលមានលំហាត់ Quiz, តែងសេចក្តី, Assignment, គម្រោងផ្សេងៗ ការប្រឡង
និងរឿងត្រូវធ្វើគរដូចភ្នំជាច្រើនទៀត។ ការដែលមានទម្លាប់សិក្សាដ៏អស្ចារ្យអាចធ្វើឲ្យអ្វីៗជាច្រើនមានភាពងាយស្រួល និងបញ្ចៀសបានរាល់ការកើតស្ត្រេស៍។ ប្រសិនបើអ្នកត្រូវការកែលម្អទម្លាប់សិក្សាឲ្យប្រសើរឡើង ឬគ្រាន់តែត្រូវការគំនិតថ្មីមួយចំនួន សូមបន្តដើម្បីស្វែងយល់ពីទម្លាប់សិក្សាកំពូលៗទាំង ៥ ដូចខាងក្រោម។

១- ប្រើប្រាស់ Flashcard 
គេបង្កើត Flashcard ឡើងដើម្បីជម្រុញការចងចាំដ៏សកម្មនូវព័ត៌មានទាំងឡាយដែលបានជ្រាបចូលក្នុងខួរក្បាលរបស់មនុស្ស។ តាមរយៈការប្រើប្រាស់ Flashcard ដោយមានសរសេរជាសំណួរនៅផ្នែកម្ខាង និងចម្លើយនៅផ្នែកម្ខាងទៀត អ្នកនឹងបង្ខំឲ្យខួរក្បាលរបស់អ្នករំឭកព័ត៌មានចាំបាច់ម្តងហើយម្តងទៀត។ ដំបូងៗអាចនឹងមានការលំបាកបន្តិច តែនៅពេលអនុវត្តបែបនេះយូរៗទៅ​អ្នកនឹងស៊ាំនឹងទម្លាប់នេះ ហើយខួរក្បាលរបស់អ្នកក៏នឹងសកម្មជាមួយនឹងការចងចាំព័ត៌មានឬមេរៀនដែលបានកត់ត្រាលើនោះផងដែរ។

២- រំឭកសារឡើងវិញឲ្យបានញឹកញាប់!
សិស្សឬនិស្សិតជាច្រើនតែងពន្យារពេលសិក្សារហូតដល់ជិតដល់ពេលប្រលង ដោយសិស្សដែលរាងឧស្សាហ៍បន្តិចបានទុកពេលឲ្យខ្លួនឯង១ ឬ២អាទិត្យមុនពេលប្រឡង។ ទម្លាប់សិក្សាបែបនេះពុំមានប្រសិទ្ធភាពឡើយ។ វិធីល្អបំផុតគឺរំឭកមេរៀនរៀងរាល់ថ្ងៃ ទោះតិចតួចក្តី ព្រោះធ្វើដូច្នេះយើងនឹងពុំមានមេរៀនគរដូចភ្នំត្រូវរំឭក ពេលការប្រឡងជិតមកដល់នោះទេ។   

វិធីរំឭកមេរៀនមាន ៤ ប្រភេទទៀត៖
- បង្កើតផែនទីគំនិត: ឧ. ចាប់ផ្តើមជាមួយគំនិតសំខាន់មួយរួចចែកវាចេញជាមែកធាងតូចៗដោយភ្ជាប់គំនិតដែលពាក់ព័ន្ធជាច្រើនទៅលើគំនិតសំខាន់នោះ។ 
- អានឲ្យឭៗសម្រាប់ខ្លួនឯង។ 
- ជ្រើសរើសគំនិតសំខាន់មួយ រួចបង្កើតវាទៅជាសាច់រឿងមួយ។ ធ្វើបែបនេះវានឹងជួយឲ្យអ្នកចងចាំអ្វីដែលបានរៀនមិនងាយភ្លេចវិញនោះទេ។ 
- សរសេរពាក្យគន្លឹះចេញពីមេរៀនដែលបានរៀន ហើយឧស្សាហ៍ទន្ទិញវា។ វិធីនេះអនុវត្តមានប្រសិទ្ធភាពដោយប្រើប្រាស់ជាមួយនឹង Flashcard។

៣- មើលការបង្រៀន និងវីដេអូដែលពាក់ព័ន្ធ
វិធីដ៏មានប្រសិទ្ធភាពបំផុតមួយទៀត និងជាវិធីសប្បាយៗផងនោះគឺទស្សនាមេរៀន និងវីដេអូដែលពាក់ព័ន្ធក្នុងបំណងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលមានលើសៀវភៅ។
អ្នកអាចទស្សនាវីដេអូឯកសារ ឬវីដេអូផ្សេងៗនៅលើ YouTube និងវេបសាយអប់រំជាច្រើនទៀត។ អ្នកនឹងមានការភ្ញាក់ផ្អើលពេលដឹងថាខ្លួនឯងរៀនសូត្របានច្រើនប៉ុនណាចេញពីវីដេអូ ហើយអ្នកក៏នឹងភ្ញាក់ផ្អើលផងដែរដែលបានដឹងថាមានវីដេអូល្អៗច្រើនកម្រិតណានៅលើវេបសាយ។ 

៤- បង្កើតរបៀបធ្វើតេស្តផ្អែកលើតេស្តធ្វើរួចមុនៗ
អ្នកគួរតែរក្សាទុកក្រដាសពិន្ទុ Quiz តេស្តផ្សេងៗ Assignment និង Handout ដែលគ្រូរបស់អ្នកប្រគល់ឲ្យអ្នកវិញ។ របស់អស់ទាំងនេះមិនត្រឹមតែបង្ហាញថាអ្នកធ្លាប់បានធ្វើតេស្តល្អកម្រិតណានោះទេ តែវាថែមទាំងបង្ហាញនូវអ្វីដែលអ្នកត្រូវពង្រឹង និង ចំណុចខ្លាំងរបស់អ្នកលើមុខវិជ្ជានីមួយៗទៀតផង។ អ្នកក៏អាចរៀនពីទម្រង់នៃតេស្តនីមួយៗ រចនាសម្ព័ន្ធរបស់សំណួរ និងរបៀបត្រូវទស្សន៍ទាយសម្រាប់ប្រភេទសំណួរ True/False។  

អ្នកអាចប្រើតេស្តដែលធ្វើរួចដើម្បីបង្កើតតេស្តអនុវត្តថ្មីដោយខ្លួនឯង។ ត្រូវបញ្ចូលទាំងសំណួរដែលអ្នកឆ្លើយត្រូវចូលក្នុងតេស្តថ្មី តែត្រូវផ្តោតសំខាន់លើសំណួរដែលអ្នកឆ្លើយខុស។ តាមរយៈការធ្វើបែបនេះ អ្នកនឹងអាចលុបបំបាត់ចំណុចខ្សោយរបស់អ្នកយ៉ាងមានប្រសិទ្ធភាព ហើយនៅពេលការប្រឡងជិតមកដល់អ្នកក៏លែងសូវកើតស្ត្រេស៍ដូចមុនដែរ។ 

៥- សរសេរឡើងវិញនូវព័ត៌មានឬមេរៀនដែលបានរៀនចូលក្នុងសៀវភៅកត់ត្រា
ការសិក្សាជាច្រើនបង្ហាញថា ការសរសេរព័ត៌មានដោយដៃចូលក្នុងសៀវភៅកត់ត្រានឹងបង្កើនសមត្ថភាពរបស់អ្នកឲ្យចងចាំព័ត៌មាននោះបានយ៉ាងល្អ។ ធ្វើបែបនេះ អ្នកនឹងអាចស្រមៃឃើញអ្វីដែលបានកត់ត្រាទុក​ នៅពេលអ្នកជិតត្រៀមខ្លួនប្រឡង៕

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់