ព័ត៌មានលម្អិតស្តីពី​៖ ករណីស្ត្រីពពោះជំនួស ត្រូ​វបានប៉ូលិសបញ្ជូនមេការចិនម្នាក់ និងនារីមេការខ្មែរ៤នាក់ឡើងតុលាការ

​ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់និងនារីខ្មែរ៤នាក់ត្រូវបញ្ជូនឡើងតុលាការពាក់ព័ន្ធនឹងសំណុំរឿងអន្តរការីពពោះជំនួសនិងជួញដូរមនុស្សឆ្លងដែន​។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក កែវ ធា នាយប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី​២៣ មិថុនា ឆ្នាំ២០១៨នេះ​។ ចំណែកនារីពពោះទាំង៣៣នាក់​ ប៉ូលិសបានបញ្ជូនទៅមន្ទីរសង្គមកិច្ចគ្រប់គ្រងបន្ត​​។ អ្នកពុំមានការពាក់ព័ន្ធត្រូវបានដោះលែង​។ 

​លោកវរៈសេនីយ៍ឯកកែវ ធា បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់មានឈ្មោះ ១-ឈ្មោះ Tiu  Qiang ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៦៩ ជាមេការចិន, ២- ឈ្មោះ ស្វាយ ស៊ីណុច ហៅ សី ភេទស្រី ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ជាមេការ​, ៣-ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរជាមេការ​, ៤- ឈ្មោះ លឹម សុភាព ហៅស្ដើង ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបកប្រែ និង៥- ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ ជាមេការ​។

​បុរសជនជាតិចិន និងនារីខ្មែរទាំង៥នាក់ត្រូវបានជាប់សង្ស័យក្នុងការប្រព្រឹត្តបទល្មើសលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមមាត្រា១៦ នៃច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើផ្លូវភេទ និងបទអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះជំនួស មាត្រា៣៣២នៃក្រមព្រហ្មទណ្ឌ​។

​បើតាមលោកវរៈសេនីយ៍ឯកកែវ ធា បានឱ្យយដឹងថា​ តាមចម្លើយនារីពពោះជំនួសទាំង៣៣នាក់ គឺក្នុងកូន១ ដែលពួកគាត់ពពោះជំនួសនេះទទួលបានប្រាក់កម្រៃចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឱ្យចំនួន៥០០ដុល្លារ, ខែបន្ទាប់៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។ ចំពោះការថែទាំគភ៌ (ពោះ) ការប្រសូត្រ គឺជាបន្ទុករបស់ក្រុមហ៊ុន​។

​លោកបន្តថា លក្ខណៈពិសេសនៃការពពោះជំនួសក្នុងករណីនេះគឺពេលជិតដល់ត្រូវឆ្លងទន្លេ ប្រសូត្រ ​គឺក្រុមហ៊ុនបញ្ជូនស្ត្រីពពោះទៅប្រទេសចិនសម្រាលកូនរួចទើបបញ្ជូនមកស្រុកខ្មែរវិញ ហើយប្រគល់លុយបង្គ្រប់ចំនួន១ម៉ឺនដុល្លារ​។     

​គួររំលឹកថា​ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានីភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​ប៉ូលិសខណ្ឌ​ ប៉ុស្តិ៍ កម្លាំង​អាវុធ​ហត្ថខណ្ឌ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សី​កែវ និង​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ បាន​ចុះបង្ក្រាប​ករណី​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​។ ជាមួយ​នោះ​បទ​ធ្វើ​អន្តរការី​នៃ​អំពើពពោះ​ជំនួស​ដោយខុសច្បាប់​ ដោយឃាត់ខ្លួន​នារី​រងគ្រោះ​ចំនួន​៣៣​នាក់ និង​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់ ក្នុងនោះ​ប្រុស​ម្នាក់​ជនជាតិ​ចិន​។

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​វីឡា​លេខ​២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡា​លេខ​៩A ផ្លូវ​៣៤៨ ស្ថិតនៅក្នុង​បុរីវិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្នុង​សង្កាត់​ឬឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ​។

​ក្នុង​ប្រតិបត្តិការ​នេះ ផ្ទះ​ទី​១ ផ្ទះ​ផ្ទះ​លេខ​២A ផ្លូវ​៣៤៨ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២៥​នាក់ ប្រុស​២​នាក់ ដែល​បុរស​ម្នាក់ ឈ្មោះ LlU QlANG ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ជនជាតិ​ចិន​)​។ ​ដកហូត​រថយន្ត​១​គ្រឿង​ម៉ាក់​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 2A -6883 ម៉ូតូ​ហុងដា today ពណ៌​ខ្មៅ ១​គ្រឿង។ 

​នៅ​ផ្ទះ​ទី​២ ផ្ទះ​លេខ​៩A ផ្លូវ​៣៤៨ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១៨​នាក់ រួមទាំង​ក្មេង​២​នាក់ និង​រថយន្ត​១​គ្រឿង​ម៉ាក់​ Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-8863​។ ថែមទាំង​ដកហូត​ឯកសារ​មួយចំនួន រួមមាន លិខិតឆ្លងដែន​មួយចំនួន និង​ឯកសារ​ពាក់ព័ន្ធ​។​ អ្នកពុំមានការពាក់ព័ន្ធត្រូវបានប៉ូលិសឱ្យវិលត្រឡប់ទៅផ្ទះវិញ​។ 

​ឥឡូវនេះស្ត្រីពរពោះជំនួសទាំង៣៣នាក់ត្រូវបញ្ជូនឱ្យមន្ទីរសង្គមកិច្ចរាជធានីគ្រប់គ្រងបណ្ដោះអាសន្នរង់ចាំការសម្រេចពីតុលាការ។ ចំណែកមេការក្រុមហ៊ុនទាំង៥នាក់នឹងត្រូវបញ្ជូនឡើងតុលាការនាថ្ងៃស្អែក​៕ 


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab