បុរសម្នាក់បើកម៉ូតូដឹកធុងហ្គាសទៅឱ្យគេ លុះត្រលប់មកវិញ​ ជិះឡើងផ្លូវ​បេតុងថ្មី​ ទាក់ដែកដួលបោកក្បាលស្លាប់ភ្លាម

​ភ្នំពេញ ៖ ខណៈពេលមេឃកំពុងតែរលឹមភ្លៀង មានបុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ ទាំងក្បាលព្រលប់នេះ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងដឹកធុងហ្គាសយកទៅដាក់ឱ្យគេដល់ផ្ទះ តែពេលត្រលប់មកវិញជ្រុលជិះឡើងខឿនផ្លូវ​បេតុងទើបតែធ្វើថ្មី បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង​។ 

​គ្រោះថ្នាក់ចរាចរណ៍ដួលដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោងជាង៧យប់ ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវលំ​(ផ្សារក្រមួន) ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។ 

​ប៉ូលិសប៉ុស្តិ៍ចាក់អង្រែក្រោម​បានឱ្យដឹងថា​ សពជនរងគ្រោះឈ្មោះ ធឿន ភេទប្រុស​ អាយុ២៣​ មុខរបរកម្មករដឹកហ្គាសនៅផ្សារតាខ្មៅថ្មី និងមានស្រុកកំណើត​នៅខេត្តព្រៃវែង​ ដែលជិះម៉ូតូមួយគ្រឿងម៉ាក Smash V ពណ៌​ខ្មៅ ពាក់ស្លាកលេខកណ្តាល 1C-0817​ ដែលដឹកធុងហ្គាសយកទៅឱ្យគេនៅក្នុងច្រកចូលផ្សារក្រមួន​។ 

​ប្រភពព័ត៌មានបន្តថា នៅមុនពេលកើតហេតុ​ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងដឹកធុងហ្គាសយកទៅដាក់ឱ្យគេដល់ផ្ទះ​។ លុះត្រលប់មកវិញ បានធ្វើដំណើរតាមផ្លូវលំដែលទើបចាក់បេតុងថ្មីដដែលនោះ ទិសដៅពីលិចទៅកើត តែជ្រុលជិះឡើងឃឿនផ្លូវ​បេតុងក៏ទើសជាមួយសរសែដែក ដែលគេទុកសម្រាប់ចាក់ផ្លូវបេតុងបន្តនោះ បណ្ដាលដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង​។ 

​ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមបានរាយការណ៍ទៅសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌ​មានជ័យ ចុះមកធ្វើការវាស់វែង​ រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ចាក់អង្រែក្រោម រង់ចាំសាច់ញាតិឬម្ចាស់ម៉ូតូ​ មកយកទៅវិញ​។ 

​ចំណែកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យម្ចាស់ក្រុមហ៊ុនហ្គាសទាក់ទងហៅរថយន្តសាមុយរបស់ ស្នងការរងខេត្តកណ្តាល​ មកដឹកសពយកទៅរក្សាទុកនៅមន្ទីរពេទ្យជ័យជំនះ ដើម្បីរង់ចាំទាក់ទងបន្តទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab