បញ្ជូនជនសង្ស័យ៦នាក់រើសកម្លាំងអាវុធហត្ថខុសច្បាប់ទៅតុលាការ

​ភ្នំពេញ ៖ ជនសង្ស័យចំនួន ៦នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនាថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៨ ដែលប្រើឧបាយកលទុច្ចរិត យកឈ្មោះលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើរប្រមូលមនុស្សឱ្យចូលធ្វើអាវុធហត្ថដោយខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ 

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចូលរួមសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង អមអយ្យការតុលាការយោធា។

​មន្ត្រីដដែលបន្តថា ជនសង្ស័យទាំង ០៦នាក់នោះ រួមមាន៖ ទី១.ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ​៤៩ឆ្នាំ តាំងខ្លួនជាឧត្តមសេនីយ៍ត្រី ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, ទី២.ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ​៥០ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ឯក ស្នាក់នៅផ្ទះ ៨៩បេ ផ្លូវ ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, ទី៣.ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ​៣៩ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ត្រី, ទី៤.ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ​២៥ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ទោ, ទី៥.ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ​៤០ឆ្នាំ តាំងជាវរសេនីយ៍ទោ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី៦.ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ​៤៧ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ទោ។

​ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញបានដកហូតបាន ឯកសណ្ឋានអាវុធហត្ថចំនួន ២៤កំប្លេ, សក្ដិវរសេនីយ៍ចំនួន ១៣គូ, មេដាយការងារ ១៣គ្រឿង, ស៊ិញរូបស្វា ១៥គ្រឿង, ស៊ិញអគ្គបញ្ជាការ ១៦គ្រឿង, ស៊ិញអាវុធហត្ថកអាវ ១០គូ, ផ្លាកឈ្មោះចំនួន ៧ផ្លាក, ម៉ាស៊ីព្រីន ១គ្រឿង កុំព្យូទ័រយូដៃ១, ត្រាឈ្មោះ និងត្រាផ្សេងៗ ១១ត្រា និងម៉ូតូចំនួន៣គ្រឿង៕


 

adverise with khmeread