ប៉ូលិសស្រុកពញាឮចាប់ខ្លួនជនសង្ស័យ២នាក់ជួញដូរគ្រឿងញៀន

​កណ្តាល​ ៖ ​ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុកពញាឮចាប់ខ្លួនក្នុងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ (ម៉ាទឹកកក) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៤ល្ងាចនៅចំណុចភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់ (ឃាត់ខ្លួន) ១-ឈ្មោះ ស្មាន រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ​មុខរបរ កម្មករ មានទីលំនៅភូមិអូស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និង​២-ឈ្មោះ ជួន សុផា ហៅ កេ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល​។

​វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជា សារធាតុញៀន មេតំហ្វេតាមីន ម៉ាទឹកកក ចំនួន១២ កញ្ចប់ (កញ្ចប់ធំ០១ និងកញ្ចប់តូច ១១) ស្មើទម្ងន់ ០,៧៣ក្រាម,
ទូរស័ព្ទ​ដៃ ចំនួន០២គ្រឿង (ម៉ាហូវៃ០១គ្រឿង និងអាយហ្វូន ហ្វាយ០១គ្រឿង)​។

​ប៉ូលិសបន្តថា ​នៅថ្ងៃកើតហេតុកម្លាំងប៉ូលិសផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកយុត្តិធម៌ ចុះល្បាត នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ​។ លុះដល់ចំណុចកើតហេតុ មានកម្លាំងភ្នាក់ងារបានរាយការណ៍ថា មានជនសង្ស័យឈ្មោះ ស្មាន រ៉ា បានយកថ្នាំញៀនមកលក់នៅចំណុចកើតហេតុ​។

​ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំបាត បានចុះ ដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យខាងលើ ដែលជាមុខសញាជួញដូរគ្រឿងញៀន ក៏បានបង្ក្រាបឃាត់ឆែកឆេរ រកឃើញសារធាតុញៀនចំនួន០៩កញ្ចប់តូច និងទូរស័ព្ទដៃ០១គ្រឿង ។  

​ក្នុងពេលនោះដែរ ជនសង្ស័យឈ្មោះ ស្មាន រ៉ា បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកលក់នេះ គឺយកពីឈ្មោះ ជួន សុផា ហៅ កេ​។ ហើយកម្លាំងជំនាញ ក៏បានបន្តការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជួន សុផា ហៅ កេ និងចាប់យកវត្ថុតាង បានថ្នាំញៀន ចំនួន០៣កញ្ចប់ទៀត (កញ្ចប់ធំ០១ និងកញ្ចប់តូច០២) និងទូរស័ព្ទដៃ០១ គ្រឿង​។

​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន ដែលខ្លួនយកមកធ្វើសកម្មភាពរាល់ថ្ងៃនេះ គឺទៅទិញ នៅប្រឡាយគល់ស្ពាន លីយ៉ុងផាត់ព្រែកព្នៅ យកមកលក់បន្តផង និង ជក់ខ្លួនឯងផង​។

​ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានស្រុកពញាឮ ដើម្បីចាត់ការបន្តតាមនីតិវិធី​៕

adverise with khmeread